អតីតពលករជិត ៥ពាន់នាក់ ទទួលបានឱកាសបញ្ជាក់សមត្ថភាព ជំនាញដោយឥតគិតថ្លៃ ដើម្បីពង្រឹងឱកាសការងារ ទាំងក្នុងស្រុក និងក្រៅប្រទេស
ភ្នំពេញ៖ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជិត ៥ពាន់នាក់ បានទទួលឱកាសធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន Recognition of Prior Learning (RPL) ដោយឥតគិតថ្លៃ ពីរាជរដ្ឋាភិបាល ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ បង្កើនឱកាសការងារ និងប្រាក់ចំណូលកាន់តែប្រសើរ។

នេះបើតាម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានថ្លែងក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួន ៤,៩១២នាក់ បានចុះឈ្មោះចូលរួមកម្មវិធីទទួលស្គាល់ជំនាញមានពីមុន (Recognition of Prior Learning – RPL) ខណៈបងប្អូនអតីតពលករចំនួន ៣,៨៨០នាក់ បានឆ្លងកាត់ការធ្វើតេស្តរួចរាល់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់»។

បើតាមលោករដ្ឋមន្ត្រី វិញ្ញាបនបត្រផ្លូវការ ដែលបានពីការធ្វើតេស្តវាយតម្លៃសមត្ថភាពីមុននេះ នឹងក្លាយជាស្ពានដ៏សំខាន់ក្នុងការបង្កើនឱកាសការងារ ទទួលបានប្រាក់ឈ្នួលសមរម្យ និងងាយស្រួលក្នុងការស្វែងរកការងារទាំងក្នុងប្រទេស និងក្រៅប្រទេសសម្រាប់បងប្អូនអតីតពលករ។

សូមបញ្ជាក់ថា លទ្ធផលខាងលើនេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃគោលនយោបាយអភិវឌ្ឍជំនាញរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែផ្តល់ឱកាសបណ្តុះបណ្តាលដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលស្គាល់បទពិសោធន៍ និងជំនាញដែលពលករមានស្រាប់ ឱ្យក្លាយជាគុណវុឌ្ឍិផ្លូវការដែលមានតម្លៃក្នុងទីផ្សារការងារផងដែរ៕












