Feature

សម្ថកិច្ចចម្រុះ បន្តរកឃើញទីតាំង២កន្លែងទៀត នៅភ្នំពេញ មានទំនិញនាំចូលពីថៃ

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះ មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កក មានប្រភពពីប្រទេសថៃ។

យោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាថ្ងៃទី១៦ ខែមិថុនានេះថា តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន ២ ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូល ដែលជាប់សង្ស័យ ។

ក្នុងនោះរួមមាន៖ ១. ឃ្លាំងស្តុកគ្រឿងឧបភោគ-បរិភោគ របស់ក្រុមហ៊ុន បេក ឃើរស្មីត ឯ.ក ស្ថិតនៅផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ មានចំនួន០២ទូរគឺ៖ ទូរកក និងទូរស្ងួត ដោយក្រុមការងារចម្រុះ​ បានរកឃើញមានទំនិញក្នុងទូរកក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ០២គឺ ប្រទេសចិន និងប្រទេសវៀតណាម ។ ដោយឡែកក្នុងទូរស្ងួត ក្រុមការងារបានរកឃើញទំនិញចម្រុះនាំចូលពីប្រទេសថៃ ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ សរុបចំនួន ៩១ប្រភេទ ។ ដោយទទួលបានការសម្របសម្រួល នីតិវិធីផ្លូវច្បាប់​ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​ក្រុមការងារចម្រុះបានសម្រេចបិទឃ្លុំទូរស្ងួត ដែលស្តុកទំនិញចម្រុះរបស់ប្រទេសថៃ ជាបណ្ដោះអាសន្ន​ និងបានបញ្ជូនតំណាងម្ចាស់ទីតាំង ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តតាមនីតិវិធី។

២. ទីតាំងដេប៉ូចែកចាយឈ្មោះ រិន សុខា មានទីតាំងនៅផ្លូវរទេះភ្លើង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ពេលចុះពិនិត្យដល់បន្ទប់វេចខ្ចប់ ក្រុមការងាររកបានពិនិត្យឃើញមានការវេចខ្ចប់ប៊ីចេងយីហោម៉ាក “មេចុងភៅ” ដែលមានអក្សរថៃនៅលើសម្រកបាវ ដូចខាងក្រោម៖- Chef 55 MONOSODIUM GLUTAMATE (MFG DATE: JAN.28.2026 និងEXP DATE: JAN.27.2029 មានចំនួន ០៨បេ) – Chef 55 MONOSODIUM GLUTAMATE (MFG DATE: 03.15.2026 និងEXP DATE: 03.14.2029 មានចំនួន ១៥បេ)

ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងសាលារាជធានីភ្នំពេញ ក្រុមការងារចម្រុះ បានសម្រេចបិទឃ្លុំទីតាំងបន្ទប់វេចខ្ចប់ប៊ីចេងនេះ នៅវេលាម៉ោង១៧:៥០នាទី និងរង់ចាំក្រុមការងារជំនាញបច្ចេកទេសមកពិនិត្យបន្តទៀត។

សូមបញ្ជាក់ថា គិតពីថ្ងៃទី១០ដល់១៥ ខែមិថុនា នេះក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យឃ្លាំងតូច ធំសរុបចំនួន ១៣១ទីតាំង បានរកឃើញ និងបិទបណ្តោះអាសន្ន ឃ្លាំងទំនិញមានស្តុកផលិតផលបង្កក និងទំនិញដែលនាំចូលខុសច្បាប់ ពីប្រទេសថៃចំនួន ១៥ ព្រមទាំងបាននាំខ្លួន អ្នកពាក់ព័ន្ធសរុបចំនួន ១៦នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

To Top