Feature

សម្តេចធិបតី នឹងផ្លាស់ប្តូរទស្សនៈ ជាមួយមេដឹកនាំផ្សេងៗ លើបញ្ហាតំបន់-អន្តរជាតិ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា សម្តេចបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់-អន្តរជាតិ ជាមួយមេដឹកនាំមកពីប្រទេសផ្សេងៗនៅលើទឹកដីរុស្ស៊ី ក្នុងឱកាសសម្តេចចូលរួម កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ។
 
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្សី ចាប់ពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញ របស់ប្រធានាធិបតី វ្លាឌីមៀ ពូទីន នៃសហព័ន្ធរុស្ស៊ី។
 
 អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា “ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់និងក្រៅតំបន់” ។
 
បើតាមលោក ប៉ែន បូណា សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងមានជំនួបទ្វេភាគីមួយចំនួនទៀត ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងអត្ថ​ប្រយោជន៍ទៅវិញទៅមក​ ។
 
អ្នកនាំពាក្យសង្កត់ធ្ងន់ថា នេះគឺជាបេសកកម្មការទូតនៅក្រៅប្រទេស​ថ្មីមួយទៀត បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងការអញ្ជើញចូលរួម​វេទិកាអនាគតអាស៊ានលើកទី៣​ នៅទីក្រុងហាណូយ កាលពីថ្ងៃទី៨-៩ ខែមិថុនា ថ្មីៗនេះ ដែលបង្ហាញពីការងារការទូតសកម្មរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី ​​ដើម្បីពង្រឹងនិងពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្តផង និងដើម្បី​ការពារ​អធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន នៅលើឆាកអន្តរជាតិផង៕

To Top