ព័ត៌មានអន្តរជាតិ

ការអភិវឌ្ឍបៃតង របស់ចិន ក្លាយជាកម្លាំងចលករ សម្រាប់សកម្មភាព អាកាសធាតុសកល

ក្នុងបរិបទដែលពិភពលោកកំពុងរងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ប្រទេសចិនបាននិងកំពុងផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់ «ការអភិវឌ្ឍបៃតង» ឱ្យក្លាយជាកម្លាំងជំរុញ ដ៏សំខាន់ក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេច ឱ្យបាននូវគោលដៅបំភាយ កាបូនខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៦០ ។
 
តាមរយៈផែនការប្រាំឆ្នាំលើកទី១៥ (២០២៦–២០៣០) រដ្ឋាភិបាលចិន បានបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពន្លឿនបរិវត្តកម្មបៃតង លើគ្រប់វិស័យ ។ បើក្រឡេកមើលទៅក្រោយបន្តិច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញ នូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងការអភិវឌ្ឍបៃតង និងកាត់បន្ថយការបំភាយកាបូន ប្រកបដោយប្រសិទ្ធភាព។
 
ជាមួយនឹងកិច្ចប្រឹងប្រែងខាងលើ មហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរ របស់ពិភពលោកមួយនេះ បានសម្រេចនូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ជាច្រើនក្នុងការ អនុវត្តរបៀបវារៈអភិវឌ្ឍន៍បៃតងរបស់ខ្លួន រាប់ចាប់តាំងពីការជំរុញអន្តរកាលថាមពល និងការលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យាបៃតង រហូតដល់ការកសាងសុខដុមរមនារវាងមនុស្សជាតិ និងធម្មជាតិ ។

គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦ សមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់ចិន បានឈានដល់ ៦០.៤% នៃសមត្ថភាពផលិតអគ្គិសនីសរុប ដែលតួលេខនេះបានធ្វើឱ្យចិនក្លាយជាប្រទេសឈានមុខក្នុងវិស័យថាមពលកកើតឡើងវិញ។ បច្ចុប្បន្ន រោងចក្របៃតងថ្នាក់ជាតិរបស់ចិនជាង ៨,០០០ កន្លែង ត្រូវបានបង្កើតឡើង និងកំពុងរួមចំណែកប្រមាណ ២២% នៃទិន្នផលវិស័យផលិតកម្មសរុប។
 
ស្របពេលជាមួយគ្នានេះ ប្រទេសចិនបានកសាងក្របខ័ណ្ឌគោលនយោបាយកាត់បន្ថយការបំភាយកាបូនគ្រប់ជ្រុងជ្រោយបំផុតរបស់ពិភពលោក និងបានក្លាយជាអ្នកនាំមុខក្នុងការ ផលិត និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបៃតងក្នុងទ្រង់ទ្រាយធំ។ តួយ៉ាង សមត្ថភាពដំឡើងថាមពលខ្យល់ របស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោករយៈពេល ១៥ឆ្នាំជាប់ៗគ្នា។
ក្នុងអំឡុងឆ្នាំ ២០២១-២០២៥ ការនាំចេញ ថាមពលខ្យល់ និងផលិតផលបំប្លែងថាមពលពីពន្លឺព្រះអាទិត្យ របស់ចិនបានជួយកាត់បន្ថយការបញ្ចេញ កាបូនសរុបប្រហែល ៤,១ ប៊ីលានតោន ។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ប្រទេសចិនក៏ជាអ្នកផលិត និងនាំចេញរថយន្តអគ្គិសនីធំជាងគេលើពិភពលោក ដោយក្តោបក្តាប់ការផលិតរថយន្តអគ្គិសនីសកលប្រមាណ ៧៥% និងមានចំណែកទីផ្សារសកលរហូតដល់៦០%។
 
អ្វីដែលសហគមន៍អន្តរជាតិមានការកោតស្ញប់ស្ញែងកាន់តែខ្លាំងនោះគឺសមត្ថភាពរបស់ចិនក្នុងការប្រែក្លាយវាលខ្សាច់ ជាពិសេសវាលខ្សាច់ Kubuqi ពីតំបន់ស្ងួតហួតហែងទៅ ជាតំបន់បៃតងរស់រវើក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការកែលម្អគុណភាពដី និងការដាំដុះរុក្ខជាតិធន់ នឹងគ្រោះរាំងស្ងួត។ សមិទ្ធផលនេះមិនត្រឹមតែជាភាពជោគជ័យសម្រាប់ចិននោះទេ តែត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិសាធារណៈសកល ដែលកំពុងត្រូវបានអនុវត្តនៅក្នុងតំបន់ផ្សេងទៀតដូចជា ទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ផងដែរ។
វឌ្ឍនភាពទាំងនេះបានបង្ហាញយ៉ាង ច្បាស់ថា ការអភិវឌ្ឍបៃតងមិនមែនជាបន្ទុកសម្រាប់កំណើនសេដ្ឋកិច្ចនោះទេ ប៉ុន្តែអាចក្លាយជាកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលដើរស្របគ្នានឹងទស្សនៈរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនពីង ដែលបានលើកឡើងថា «ទឹកថ្លា និងភ្នំខៀវស្រងាត់ គឺជាទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន»។
 
ជារួម ការប្តេជ្ញាចិត្ត និងបទពិសោធន៍ ជាក់ស្តែងរបស់ចិនក្នុងការអភិវឌ្ឍបៃតង នឹងបន្តដើរតួនាទីជាកាតាលីករ ដ៏សំខាន់សម្រាប់សកម្មភាពអាកាសធាតុសកល។ តាមរយៈការពន្លឿននវានុវត្តន៍បច្ចេកវិទ្យា និងការពង្រីកថាមពលស្អាត រដ្ឋាភិបាលចិនមិនត្រឹមតែជំរុញអន្តរកាលបៃតងក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗដល់បណ្តាប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍបៃតងប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់សម្រាប់ទាំងអស់គ្នា។
 
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

To Top