DAP News
Feature

សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារបង្កើតរ៉ូបូត ចងដែកដោយស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមកតាំងបង្ហាញនៅក្នុងកម្មវិធីទិវាអប់រំ TVET Day លើកទី៩

ភ្នំពេញ៖ យុវជន ហៀង សុគន្ធី ជានិស្សិតផ្នែកអគ្គិសនីឆ្នាំទី៥ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រកុសុមៈ(PPI) នៃក្រសួងការងារ និងបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ បាននាំយកស្នាដៃ ដែលខ្លួនបានបង្កើត បន្ទាប់ពីការសិក្សាលើទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់នៅក្នុងសាលា មក​ដាក់​តាំង​បង្ហាញ​នៅក្នុង​កម្មក​វិធីទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ (TVET Day) លើកទី៩ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ។

យុវជន ហៀង សុគន្ធី បានថ្លែងថា មេរៀនដែលបានសិក្សានៅក្នុងសាលា មានភាពទាន់សម័យ ជាពិសេសគឺ​ការអនុវត្តន៍​ផ្ទាល់តាមរយៈ​ការធ្វើគ​ម្រោ​ងជាក់​ស្ដែង​បន្ថែមពីលើទ្រឹស្ដី។ យុវជនរូបនេះបន្តថា «ជាក់ស្ដែងយើងបានសិក្សាទៅលើទ្រឹស្ដី វាបានធ្វើឱ្យ​យើង​យ​ល់ដឹងខ្លះៗ បន្ទាប់ម​កយើ​ងបាន​អនុវត្ត​ជាមួយគម្រោង​ផ្ទាល់ដែលវាធ្វើឱ្យយើងយ​ល់ដឹងកាន់តែច្បាស់​រហូតដល់​ពួកយើងអាចផលិត បានជាម៉ាស៊ីនដែលយើងហៅថា “រ៉ូបូត​ចង​ដែក​ដោយ​ស្វ័យ​ប្រវត្តិ”។

ជាមួយនឹងការដាក់តាំងបង្ហាញដោយក្ដីរំភើប យុវជនរូបនេះចំណាយពេលជិតមួយខែក្នុងការដំឡើងទាំងប្រព័ន្ធមេកានិច រូបរាងឌីហ្សាញ និង​ខួរ​ក្បាលរបស់ម៉ាស៊ីនមួយនេះ ដោយសង្ឃឹមថាម៉ាស៊ីនដែលជាសមិទ្ធផលនៃស្នាដៃរបស់ខ្លួននឹងអាចជួយក្នុងវិស័យរោងចក្រឧស្សាហកម្ម ឬជា​អាជីវ​ម្មផ្សេងៗឱ្យមានភាពទាន់សម័យ និងទំនើបក្នុងការលើកកម្ពស់វិស័យ TVET នៅកម្ពុជា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តជំរុញទឹកចិត្តសិស្សនិស្សិត និងយុវជន​ទាំងអ​ស់សូម​យកចិត្តទុ​ក​ដា​ក់ក្នុង​ការជ្រើសរើសជំនាញសិក្សា ដើម្បីចាប់យកអាជីពការងារនាពេលអនាគត ទទួលបាន​ការបណ្ដុះ​បណ្ដាលជំនាញច្បាស់លាស់ ចំណេញ​ពេល​វេលា ឆ្លើយតបតម្រូវការទីផ្សារការងារ ងាយស្រួលរកការងារធ្វើ និងប្រកបមុខរបរដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ អាចរំ​ដោះ​ខ្លួន និងក្រុមគ្រួសារចេញពីភាពក្រីក្រ និងភាពងាយរងហានិភ័យ ៕

To Top