ប្រទេសបារាំង នឹងវិនិយោគបន្ថែមចំនួន ៦៥៥ លានអឺរ៉ូ ក្នុងការអភិវឌ្ឍវិស័យ AI
ប៉ារីស៖ ប្រទេសបារាំងនឹងបែងចែកបន្ថែមចំនួន ៦៥៥ លានអឺរ៉ូ (៧៥៤ លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រោមកម្មវិធីវិនិយោគ France 2030 របស់ខ្លួន នេះបើយោងតាមការប្រកាសរបស់នាយករដ្ឋមន្ត្រី Sebastien Lecornu ។
មូលនិធិនេះនឹងគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ AI សមត្ថភាពកុំព្យូទ័រ ការស្រាវជ្រាវ អាជីវកម្ម និងវិស័យឧស្សាហកម្ម ខណៈដែលប្រទេសបារាំងកំពុងស្វែងរកការពង្រឹងជំហររបស់ខ្លួននៅក្នុងវិស័យបច្ចេកវិទ្យា ដែលមានការវិវត្តយ៉ាងឆាប់រហ័ស។
ប្រទេសបារាំង មានគម្រោងបំពាក់មន្ត្រីរាជការទាំងអស់ជាមួយនឹង “ជំនួយការសន្ទនាអធិបតេយ្យភាពរួម” “common sovereign conversational assistant” ដែលត្រូវបានរចនាឡើង ដើម្បីការពារទិន្នន័យរដ្ឋ នេះបើយោងតាមលោក Lecornu បានបង្ហាះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X។
ឧបករណ៍នេះ ដែលមានឈ្មោះថា “ជំនួយការ IA” នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អនុវត្តភារកិច្ចដូចជាការសន្ទនា ការចម្លងឯកសារ ការវិភាគឯកសារ និងការបង្កើតខ្លឹមសារ នេះបើយោងតាមព័ត៌មានដែលមាន។ ប្រទេសបារាំងក៏នឹងដាក់ឱ្យដំណើរការវេទិកាសាធារណៈថ្មីមួយដែលឧទ្ទិសដល់បញ្ញាសិប្បនិម្មិត ដើម្បីសម្រួលដល់ការចូលប្រើប្រាស់ទិន្នន័យប្រជាសាស្ត្រ សេដ្ឋកិច្ច ភូមិសាស្ត្រ និងរដ្ឋបាលសម្រាប់អ្នកស្រាវជ្រាវ អាជ្ញាធរមូលដ្ឋាន សហគ្រិន និងភ្នាក់ងាររដ្ឋាភិបាល។
នៅក្នុងវិស័យថែទាំសុខភាព «ជំនួយការសុខភាពសាធារណៈ» នឹងត្រូវបានដាក់ពង្រាយនៅលើវេទិកា Ameli ដែលជាវេទិកាធានារ៉ាប់រងសុខភាពជាតិរបស់ប្រទេសបារាំង នៅចុងឆ្នាំនេះ។ សេវាកម្មដែលដំណើរការដោយ AI នេះត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវការណែនាំដំបូង គាំទ្រពួកគេពេញមួយផ្លូវថែទាំរបស់ពួកគេ និងជួយពួកគេទទួលបានព័ត៌មានពាក់ព័ន្ធបានលឿនជាងមុន៕
ប្រែសម្រួល ឈូក បូរ៉ា
