DAP News
Feature

អគ្គនាយក ARDB អញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា»

ភ្នំពេញ ៖ បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ការពិភាក្សាក្រុមពាក់ព័ន្ធលើសក្តានុពលនៃកម្មវិធី CCFF ក្នុងការបើកផ្លូវសម្រាប់ការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា និង ការពិភាក្សាក្រុមលើការស្នើសុំហិរញ្ញប្បទានក្រោមកម្មវិធី CCFF លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងពិធីបិទនេះមានវត្តមាន លោក Choi Hang Suk តំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) និង លោក John McGinley គណៈគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategic Capital លោក-លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។

លោកបណ្ឌិត កៅ ថាច បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គពិធីទាំងមូល ដែលបានរួមគ្នាពិភាក្សាយ៉ាងផុសផុល ដើម្បីដាក់ចេញនូវទិសដៅ និងផែនការសកម្មភាពឆ្ពោះទៅមុខ សំដៅឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបរិការណ៍សេដ្ឋកិច្ច និងតម្រូវការហិរញ្ញប្បទានបៃតង ទាំងក្នុងក្របខណ្ឌតំបន់ និងសកល។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកបណ្ឌិត កៅ ថាច បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីបើកកម្មវិធី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមហ៊ុន MSC ធនាគារ KDB ស្ថានទូតអូស្ត្រាលី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ។

លោកបណ្ឌិត បានចាត់ទុក លទ្ធផលដ៏ប្រសើរនាថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងពិតប្រាកដ។ ពិធីសម្ពោធកម្មវិធី CCFF នេះ គឺជា “របត់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ និងជាមោទនភាពដ៏ធំធេងសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ីទាំងមូល” ក្នុងការបង្កើតមូលនិធិអាកាសធាតុថ្នាក់ជាតិដំបូងគេសម្រាប់វិស័យឯកជន។ ព្រឹត្តិការណ៍នេះ គឺជាការប្រកាសបើកច្រកយន្តការហិរញ្ញប្បទានបៃតង រយៈពេលវែង ប្រកបដោយលក្ខខណ្ឌសម្បទានខ្ពស់ ជូនដល់ធុរកិច្ចកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកជាផ្លូវការ ចាប់ពីពេលនេះតទៅ។

លោកបណ្ឌិត បន្ថែមទៀតថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី CCFF នៅក្នុងថ្ងៃនេះ មិនមែនគ្រាន់តែអនុវត្តចំពោះសេចក្តីព្រៀងគោលនយោបាយប៉ុណ្ណោះនោះទេ ប៉ុន្តែនេះ គឺជាការចាប់ផ្តើមអនុវត្តការផ្តល់ឥណទានបៃតងនៅកម្ពុជា៕

To Top