លោក Putin លើកឡើងថា រុស្ស៊ី និងអាស៊ាន ដើរតួជាកម្លាំងរក្សាស្ថិរភាព ចំពេលមានចលាចល ជាសកលបច្ចុប្បន្ន
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដើរតួជាកម្លាំងរក្សាស្ថិរភាពដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹង ជាសកលដែលកំពុងកើតមាន។
លោកPutinបាននិយាយថា លទ្ធផល នៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាស៊ានគឺជាក់ស្តែង។ លោកបានមានប្រសាសន៍ថា ៖ យើងបានកសាងក្របខណ្ឌច្បាប់ និងកិច្ចសន្យាដ៏រឹងមាំមួយសម្រាប់ទំនាក់ទំនងទ្វេភាគី និងបានបង្កើតបណ្តាញទូលំទូលាយ នៃយន្តការសហប្រតិបត្តិការរួមគ្នា ។
លោកបានបន្ថែមថា វេទិកាសន្ទនាថ្មីត្រូវបានបើកដំណើរការ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងបានពង្រីកលើគ្រប់វិស័យ រួមទាំងការទប់ទល់នឹងបញ្ហាប្រឈមផ្នែកសន្តិសុខ និងការគំរាមកំហែងដែលកំពុងកើតមាន ពាណិជ្ជកម្ម និងការវិនិយោគ ថាមពល កសិកម្ម ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូរមនុស្ស និងមនុស្សធម៌។
កិច្ចប្រជុំកំពូលនេះបានប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងការទូតរុស្ស៊ី-អាស៊ាន ហើយបានប្រមូលផ្តុំប្រមុខរដ្ឋ និងរដ្ឋាភិបាល ឥស្សរជននយោបាយ និងមន្ត្រីជាន់ខ្ពស់រដ្ឋមកពីប្រទេសសមាជិកអាស៊ាន ទាំង១១រួមជាមួយនឹងអគ្គលេខាធិការអាស៊ាន។
នៅក្នុងកិច្ចប្រជុំកំពូល សេចក្តីថ្លែងការណ៍ Kazan ត្រូវបានអនុម័ត ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការកសាងសណ្តាប់ធ្នាប់ ពិភពលោកមួយដ៏ត្រឹមត្រូវ ប្រជាធិបតេយ្យ និងពហុប៉ូល ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសកល និងធម្មនុញ្ញអង្គការសហប្រជាជាតិ នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី Yuri Ushakov ៕
ប្រែសម្រួល៖ស៊ុនលី
