រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយន្តការផ្តល់ឱកាស ឱ្យមានការសន្ទនា ត្រង់ទៅត្រង់មក រវាងផ្នែករដ្ឋ និងវិស័យឯកជន
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា រាជរដ្ឋាភិបាល ដាក់ចេញនូវយន្តការផ្តល់ឱកាស ឱ្យមានការសន្ទនាត្រង់ទៅត្រង់មក រវាងផ្នែករដ្ឋ និងវិស័យឯកជន។
ការថ្លែងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោក Kim Doo Sik ប្រធានស្ថាប័នពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (Foreign Investment Ombudsman – FIO) នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
ស្ថាប័នផ្តល់ការពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (FIO) គឺជាយន្តការឯករាជ្យមួយក្នុងការដោះស្រាយទុក្ខកង្វល់ និងបណ្តឹងតវ៉ា ដែលត្រូវបានបង្កើតឡើង ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ ១៩៩៩ ស្ថិតក្រោមច្បាប់ជំរុញការ វិនិយោគបរទេសរបស់សាធារណរដ្ឋកូរ៉េ ប៉ុន្តែជាស្ថាប័នឯករាជ្យដោយអ្នកបម្រើការ នៅក្នុងស្ថាប័ននេះមិនមែនជាមន្ត្រីរាជការនោះទេ ប៉ុន្តែជាអ្នកជំនាញអាជីពទៅតាមវិស័យនីមួយៗ ។
FIO មានការទទួលខុសត្រូវលើការផ្តល់ការប្រឹក្សាយោបល់ដ៏ក្រុមហ៊ុនដែលមានបំណងបណ្ដាក់ទុនវិនិយោគ ឬបានបណ្តាក់ទុននៅក្នុងប្រទេសកូរ៉េ ដោយដោះស្រាយរាល់ការលំបាក ទុក្ខកង្វល់ និងបណ្តឹងតវ៉ានានា ដែលប្រឈមដោយវិនិយោគិនបរទេស ក្នុងគោលបំណងកែលម្អបរិយាកាសវិនិយោគ និងសម្របសម្រួលដល់ការដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនបរទេសឱ្យទទួលបានជោគជ័យ។
ក្នុងកិច្ចពិភាក្សាការងារនេះ លោកប្រធាន FIO បានលើកឡើងពីប្រព័ន្ធ “Home Doctor ” ដែលជាយន្តការដ៏ជោគជ័យរបស់កូរ៉េ ក្នុងការចាត់តាំងអ្នកជំនាញទទួលបន្ទុក ដោយផ្ទាល់លើករណីនីមួយៗ ដើម្បីពិនិត្យបញ្ហាប្រឈម និងសម្របសម្រួលស្វែងរកដំណោះ ស្រាយជូនវិនិយោគិនបរទេសអោយបានទាន់ពេលវេលា ។ ក្នុងឱកាសនេះ លោកប្រធានក៏បានបង្ហាញពីការគាំទ្រ ក្នុងការចូលរួមផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំប្រព័ន្ធ ដែលមានលក្ខណ:ស្រដៀងគ្នានេះដល់កម្ពុជាផងដែរ។
ឆ្លើយតបនឹងការផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគពីបរទេស ក៏ដូចជាពីប្រទេសកូរ៉េផ្ទាល់ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបបន្ថែមថា ក.អ.ក. បានរៀបចំឱ្យមានច្រក “Korea Desk” ដើម្បីផ្តល់សេវាពិគ្រោះប្រឹក្សា និងផ្តល់នូវព័ត៌មានពាក់ព័ន្ធជូនដល់វិនិយោគិនកូរ៉េ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការដែលផ្តល់ឱកាសឱ្យមានការសន្ទនាត្រង់ទៅត្រង់មក រវាងផ្នែករដ្ឋ និងវិស័យឯកជន រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការការពារ និងបង្កលក្ខណៈងាយស្រួលជូនដល់វិនិយោគិនបរទេស៕
