ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី និងអាស៊ាន ដើរតួជាកម្លាំងស្ថិរភាព ក្នុងពេលមានចលាចលសកលលោក​ ដែលកំពុងបន្តកើតមាន

កាហ្សាន៖ ប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានធ្វើឡើងនៅទីក្រុងកាហ្សានថា រុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើរតួជាកម្លាំងស្ថិរភាពដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងពេលមានចលាចលសកលលោកដែលកំពុងបន្តកើតមាន។

លោក​ ពូទីន បានលេីកឡេីងថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាស៊ាន គឺជាក់ស្តែង។ លោកថា “យើងបានបង្កើតក្របខ័ណ្ឌច្បាប់ និងកិច្ចសន្យាដ៏រឹងមាំ​ សម្រាប់ទំនាក់ទំនងទ្វេភាគី និងបានបង្កើតបណ្តាញដ៏ទូលំទូលាយនៃយន្តការសហប្រតិបត្តិការរួមគ្នា”។

លោកបានបន្ថែមថា វេទិកាសន្ទនាថ្មីៗត្រូវបានដាក់ឱ្យដំណើរការ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងបានពង្រីកនៅទូទាំងវិស័យនានា រួមទាំងការទប់ទល់នឹងបញ្ហាប្រឈម និងការគំរាមកំហែងសន្តិសុខ​ ដែលកំពុងកើតឡើង ពាណិជ្ជកម្ម និងវិនិយោគ ថាមពល កសិកម្ម ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងមនុស្សធម៌។

កិច្ចប្រជុំកំពូលនេះបានប្រារព្ធខួបលើកទី ៣៥ នៃទំនាក់ទំនងការទូតរវាងរុស្ស៊ី និងអាស៊ាន ហើយបានប្រមូលផ្តុំប្រមុខរដ្ឋ និងរដ្ឋាភិបាល ឥស្សរជននយោបាយជាន់ខ្ពស់ និងមន្ត្រីជាន់ខ្ពស់មកពីរដ្ឋសមាជិកអាស៊ានទាំង ១១ រួមជាមួយអគ្គលេខាធិការអាស៊ានផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលនេះ សេចក្តីប្រកាសកាហ្សាន ត្រូវបានអនុម័ត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោកដ៏យុត្តិធម៌ ប្រជាធិបតេយ្យ និងពហុប៉ូល ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិដែលទទួលស្គាល់ជាសកល និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top