Feature

លោក គុណ ញឹម បើកកិច្ចប្រជុំបន្ទាន់ លើបញ្ហាប្រឈមវិស័យឯកជន ការចុះពិនិត្យឃ្លាំង និងការឃាត់ទំនិញ

ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់ ស្តីពី ការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី។

កិច្ចប្រជុំនេះ មានការចូលរួមពីផ្នែកឯកជន រួមមានប្រធានសមាគម ប្រធានក្រុមហ៊ុន តំណាងក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន សហគ្រាសមានឃ្លាំងស្តុកទំនិញ និងអ្នកនាំចេញ-នាំចូលបម្រើផលិតកម្មផលិតក្នុងស្រុក ជាច្រើន។

កិច្ចពិភាក្សាការងារបន្ទាន់នេះបានពិភាក្សា និងស្តាប់អំពីបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងសកម្មភាពការធ្វើពាណិជ្ជកម្ម និងការវិនិយោគនានា គោលបំណងប្រមូលព័ត៌មាន កត់ត្រារាល់ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រជូនវិស័យឯកជន។ កិច្ចប្រជុំនេះ ក៏ធ្វើឡើង ក្នុងគោលបំណងបញ្ចៀសផលប៉ះពាល់អវិជ្ជមានលើបរិយាកាសធុរកិច្ច សង្វាក់ផលិតកម្ម និងការងាររបស់កម្មករ-ជានិយោជិត បណ្តាលមកពីវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញដែលខ្វះអនុលោមភាពច្បាប់របស់អាជ្ញាធរមានសម្ថកិច្ច។

ដំណើរកិច្ចពិភាក្សាផ្តោត អំពីផលប៉ះពាល់លើសង្វាក់ផលិតកម្ម ចំពោះវិធានការចុះផ្អាក ឬបិទឃ្លាំងទំនិញស្របច្បាប់ របស់អាជ្ញាធរដែនដី ដែលបានបង្កការរំខានធ្ងន់ធ្ងរដល់រោងចក្រ និងសហគ្រាសក្នុងស្រុក (SMEs) ដែលត្រូវការវត្ថុធាតុដើមចាំបាច់ សម្រាប់ចង្វាក់ផលិតកម្មប្រចាំថ្ងៃ ។ វិស័យឯកជនកត់សម្គាល់ឃើញថា ករណីចុះត្រួតពិនិត្យមួយចំនួន ធ្វើឡើងដោយខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមសម្របសម្រួល បច្ចេកទេសពីមន្ត្រីគយជំនាញ ។ ក្នុងនោះ ការផ្សព្វផ្សាយរូបភាពបង្ក្រាបលក្ខណៈខ្លីៗលើបណ្តាញសង្គម បានបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថិរភាពការវិនិយោគ និងទំនុកចិត្តក្នុងការវិនិយោគ ។

លទ្ធផលនៃអង្គប្រជុំ បានប្រកាន់ខ្ជាប់យន្តការច្បាប់ដោយឯកភាពថា រាល់ការដោះស្រាយត្រូវតែផ្អែកលើការគោរព និងអនុវត្តច្បាប់ជាធរមាន ដោយត្រូវបែងចែកឱ្យដាច់រវាងទំនិញថៃ នាំចូលដោយខុសច្បាប់ ឫទំនិញគេចពន្ធ និងទំនិញនាំចូលឫទំនិញ ដែលជាវត្ថុធាតុដើមផលិតកម្មស្របច្បាប់។ ស្នើសុំកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ច ចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរក្សាស្ថិរភាពសេដ្ឋកិច្ច ៕

To Top