Feature

ក្រសួងការងារអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ និងអប់រំណែនាំពលរដ្ឋ ឱ្យស្វែងរកការងារក្នុងស្រុក ដែលមានអត្ថប្រយោជន៍ច្រើនជាង និងប្រាក់បៀវត្សប្រហាក់ប្រហែលគ្នា

ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តជួយទប់ស្កាត់ និងអប់រំណែនាំប្រជាពលរដ្ឋ ឱ្យស្វែងរកការងារធ្វើក្នុងស្រុក និងកុំចាញ់បោកមេខ្យល់ ឬលួចឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងងាកមកស្វែងរកការងារ ស្រុកដែលមានអត្ថប្រយោជន៍ច្រើន និងប្រាក់បៀវត្សប្រហាក់ប្រហែលប្រទេសថៃ។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមពិចារណា ស្វែងរកឱកាសការងារក្នុងស្រុកឱ្យបានគត់មត់ មុនសម្រេចចិត្តទៅធ្វើការ ក្រៅប្រទេសដោយខុសច្បាប់។ បច្ចុប្បន្ន កម្ពុជាមានឱកាសការងារច្រើន ដែលមានសុវត្ថិភាព និងអត្ថប្រយោជន៍ច្រើន ហើយបើសិនបងប្អូនមិនចេះ សូមកុំបារម្ភក្រសួងការងារ នឹងផ្តល់ការបណ្តុះបណ្តាលជំនាញជូនបងប្អូន»។

លោក ស៊ុន មេសា បានក្រើនរំលឹកបងប្អូនកុំឱ្យចាញ់បោកមេខ្យល់ ឬបុគ្គលដែលអូសទាញឱ្យលួចឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ព្រោះការធ្វើបែបនេះប្រឈមនឹងការចាប់ខ្លួន ការបញ្ជូនត្រឡប់មកវិញ និងហានិភ័យជាច្រើនទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពជាមានឱកាសការងារចំនួនជាង ៩ ម៉ឺនកន្លែង នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេសលើវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ៕

To Top