អង់គ្លេស នឹងត្រៀមបញ្ជូនដ្រូនថ្មី១៥ម៉ឺនគ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលទីក្រុងឡុងដ៍បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស នឹងផ្តល់ឱ្យអ៊ុយក្រែន នូវយន្តហោះដ្រូន UAVs ចំនួន ១៥០០០០គ្រឿង នៅដំណាច់ឆ្នាំនេះ។
ការប្រកាសផ្តល់កញ្ចប់ដ៏ធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមួយរបស់ទីក្រុងគៀវ មកលើទីក្រុងម៉ូស្គូ មិនធ្លាប់មានគិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ។
កញ្ចប់យោធាដែលមានតម្លៃ៧៥២ លានផោន ឬត្រូវជា៩៩៦ លានដុល្លារត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស Dan Jarvis នៅឯកិច្ចប្រជុំនៃក្រុមទំនាក់ទំនង ការពារជាតិអ៊ុយក្រែននៅទីក្រុងប្រ៊ូសែល។
យោងតាមរដ្ឋាភិបាលអង់គ្លេស ដែលស្ថិតក្នុងចំណោមអ្នកគាំទ្រយោធាសកម្មបំផុតរបស់ទីក្រុងគៀវ កញ្ចប់នេះនឹងត្រូវបានផ្តល់មូលនិធិ តាមរយៈប្រាក់កម្ចីចំនួន២,២៦ពាន់លានផោនរបស់ទីក្រុងឡុងដ៍ដល់ទីក្រុងគៀវ ដែលភាគច្រើនគាំទ្រដោយប្រាក់ចំណូល ពីទ្រព្យសម្បត្តិដែលបានបង្កកពីប្រទេសនាពេលកន្លងមក។
មន្ត្រីអង់គ្លេសបានបង្ហាញកញ្ចប់ដែលរួមមានយន្តហោះគ្មានមនុស្សបើក មីស៊ីល និងរ៉ាដា ជាជំនួយយោធាចាំបាច់សម្រាប់ក្រុងគៀវ។ អធិការបតី Rachel Reeves បានសន្យាថាទីក្រុងឡុងដ៍នឹងបន្តគាំទ្រអ៊ុយក្រែន និងដាក់សម្ពាធលើទីក្រុងម៉ូស្គូ។ រុស្ស៊ីបានប្រកែកជាយូរមកហើយថា ការបន្តការចែកចាយសព្វាវុធរបស់លោកខាងលិចគ្រាន់តែអូសបន្លាយជម្លោះ និងបំផ្លាញកិច្ចប្រឹងប្រែងសន្តិភាពប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
