តុលាការឥណ្ឌា ប្រកាសដាក់បម្រាម ប្រើប្រាស់បណ្តាញទំនាក់ទំនង Telegram
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTតុលាការក្រុងញូវដេលីបានច្រានចោល ការអំពាវនាវរបស់កម្មវិធីផ្ញើសារ Telegram ដើម្បីលុបចោលការហាមឃាត់បណ្តោះអាសន្ន ដែលណែនាំដោយរដ្ឋាភិបាល សហព័ន្ធរបស់ប្រទេសឥណ្ឌា។
ការរឹតបន្តឹងត្រូវបានដាក់លើកម្មវិធីផ្ញើសារដ៏ពេញ និយមកាលពីដើមសប្តាហ៍នេះ ដើម្បីការពារការប្រើប្រាស់របស់វាដោយ ការក្លែងបន្លំលើបច្ចេកវិទ្យា ដើម្បីបន្លំបេក្ខជនដែលប្រឡងចូលពេទ្យទូទាំងប្រទេស ។
ការប្រឡងតេស្តសមត្ថភាពថ្នាក់ជាតិ ដែលបានធ្វើឡើងកាលពីខែមុនត្រូវបានលុបចោល បន្ទាប់ពីការចោទប្រកាន់អំពីការលេចធ្លាយសំណួរ និងភាពមិនប្រក្រតីនៃការប្រឡង។ សិស្សប្រហែល២,២ លាននាក់នឹងធ្វើតេស្តឡើងវិញ នៅថ្ងៃអាទិត្យនេះ។
តុលាការជាន់ខ្ពស់ក្រុងដេលីបានរកឃើញចំណាត់ការរបស់រដ្ឋាភិបាលមានភាពស្របច្បាប់ និងសមហេតុផល។ រដ្ឋាភិបាលត្រូវបាន ផ្តល់សិទ្ធិអំណាចក្នុងការចេញទិសដៅសម្រាប់ការបិទការចូលប្រើជាសាធារណៈទៅកាន់ Telegramដែលខ្លួនបានគ្រប់គ្រង។
គួរឲ្យដឹងដែរថាការហាមឃាត់នេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៦ខែមិថុនាដល់ថ្ងៃទី២២ ខែមិថុនា ជាមួយនឹងមុខងារកែសម្រួលសារ របស់កម្មវិធីត្រូវបានរារាំង រហូតដល់ថ្ងៃទី៣០ខែមិថុនា។ រដ្ឋាភិបាលនិយាយថាមុខងារនេះត្រូវបានគេប្រើប្រាស់ខុសដើម្បីផ្សព្វផ្សាយសារដែលមានកាលបរិច្ឆេទឡើងវិញ បង្កើតចំណាប់អារម្មណ៍ថាសំណួរ ប្រឡងត្រូវបានលេចធ្លាយជាមុន៕
ប្រែសម្រួល៖ស៊ុនលី
