ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនធំ របស់អេហ្ស៊ីប និងអារ៉ាប់រួម ចុះហត្ថលេខាលើគម្រោងដ៏ធំមួយ នៅទីក្រុង Cairo តម្លៃជាង៣ពាន់លានដុល្លារ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុនឈានមុខគេចំនួនពីរមកពីប្រទេសអេហ្ស៊ីប និងអារ៉ាប់រួម (UAE) បានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដែលមានតម្លៃជាង ៣,១ពាន់លានដុល្លារអាមេរិក។

ប្រភពដដែលបានសរសេរទៀតថា គម្រោងនេះដើម្បីបង្កើតគម្រោងទីក្រុងរួមបញ្ចូលគ្នាដ៏ធំមួយនៅក្នុងទីក្រុង New Cairo។

គម្រោងនេះមានទីតាំងនៅ Mada City លាតសន្ធឹងលើផ្ទៃដី ២,៣២ គីឡូម៉ែត្រការ៉េដោយអនុញ្ញាតិឲ្យក្រុមហ៊ុន MIDAR របស់ប្រទេសអេហ្ស៊ីបសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍ទីក្រុង និង Majid Al Futtaim Holding ដែលមានមូលដ្ឋាននៅ UAE មកធ្វើការរួមគ្នា។

នាយកប្រតិបត្តិក្រុមហ៊ុន Majid Al Futtaim Holding លោក Ahmed Galal Ismail បាននិយាយថា ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសអេហ្ស៊ីប ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ បានកើនលើស២,៨ពាន់លានដុល្លារនៅទូទាំង១៩ ខេត្ត ដោយបង្កើតការងារជាង២២៦០០០នាក់ ។

នាយកគ្រប់គ្រង និង ជានាយកប្រតិបត្តិ MIDAR លោក Ayman Elkousey បាននិយាយថា គម្រោងនេះអាចបង្កើតផល ត្រឡប់មកវិញនាពេលអនាគតលើសពី៤០ពាន់លាន ផោនអេហ្ស៊ីបឬប្រហែល ជា៨៣០លានដុល្លារដោយបន្ថែមថា MIDAR បានទាក់ទាញអ្នកអភិវឌ្ឍន៍ជាង២៩ក្រុមហ៊ុន ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន៤៦ រួចមកហើយនៅក្នុងប្រទេសអេហ្ស៊ីប៕

ប្រែសម្រួល៖ស៊ុនលី

To Top