ស្នងការ នគរបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams បានម៉ឺងម៉ាត់
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ បន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់ និងអនុវត្តតាមវិធានការណ៍ជំនាញ និងគោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវផងដែរ។

ការណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បន្តពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ច និងការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាព នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក ស្នងការ ក៏បានណែនាំឱ្យតាមបណ្តាអង្គភាព ត្រូវមានការគ្រប់គ្រងកម្លាំងក្រោមឱវាទ ឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់សួរសុខទុក្ខចំពោះមន្រ្តីដែលសម្រាកព្យាបាលជំងឺ និងមន្រ្តីខ្វះខាតក្នុងជីវភាព។

លោក ស្នងការ ក៏បានឱ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)ឲ្យបានម៉ឺងម៉ាត់ អនុវត្តតាមវិធានការណ៍ជំនាញ និងគោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវ និងណែនាំឱ្យមន្រ្តីជំនាញ ពង្រឹងការងារបង្ការទប់ស្កាត់ដ៏ម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរមនុស្ស និងបន្តបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាព៕

