ព័ត៌មានជាតិ

សាជីវកម្មហិរញ្ញវត្ថុអាមេរិក និងOCIC ចុះហត្ថលេខា ក្នុងការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រ ១០០លានដុល្លារ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) និងក្រុមហ៊ុនអូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC) បានចុះហត្ថលេខា លើលិខិតសម្តែងបំណង (Letter of Intent) ដែលកំណត់អំពីការផ្តល់ ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មី របស់កម្ពុជា និងជាគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយ របស់ប្រទេស។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)និងលោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយ (Chief Policy Officer) នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC)។

ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនOCIC បានលើកឡើងថា នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការផ្តល់ហិរញ្ញប្បទាន ដែលមានការស្នើឡើងដោយ DFC ឆ្លុះបញ្ចាំងពីទំនុកចិត្ត លើអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងលើតួនាទីរបស់អាកាសយានដ្ឋាន ក្នុងនាមជាច្រកទ្វារសម្រាប់ពាណិជ្ជកម្មទេសចរណ៍ ការវិនិយោគ និងការតភ្ជាប់ក្នុងតំបន់។ ការផ្តល់ហិរញ្ញប្បទាននេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងតម្លៃរយៈពេលវែង ដែលគម្រោងនឹងផ្តល់ជូនដល់ការអភិវឌ្ឍ របស់ប្រទេសផងដែរ។

ជាមួយគ្នានេះ លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC បានគូសបញ្ជាក់ថា អ្នកគឺជាដៃគូ ដែលយើងកំពុងស្វែងរក នៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងសង្ឃឹមថា នេះជាគម្រោងដំបូងគេ ក្នុងចំណោមគម្រោងជាច្រើន ដែលយើងធ្វើជាមួយគ្នា។

លើសពីការផ្តល់ហិរញ្ញប្បទាន ដែលមានការស្នើឡើង កិច្ចព្រមព្រៀងលិខិតសម្តែងបំណងនេះ បានបញ្ជាក់អំពីការស្របគ្នានៃគម្រោងជាមួយស្តង់ដារ នៃអភិបាលកិច្ច តម្លាភាព បរិស្ថាន និងសង្គម ដែលត្រូវបានរំពឹងទុក ដោយស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិឈានមុខ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានរំពឹងថា នឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិន លើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបន្ថែមភាពទាក់ទាញរបស់ប្រទេស ក្នុងនាមជាគោលដៅ សម្រាប់ការវិនិយោគរយៈពេលវែង។

អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏មានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការរចនា និងចក្ខុវិស័យប្រតិបត្តិការរបស់ខ្លួនផងដែរ។ ថ្មីៗនេះ អាកាសយានដ្ឋាននេះ ត្រូវបានទទួលស្គាល់ដោយ «Skytrax» ដែលជាស្ថាប័នវាយតម្លៃអាកាសយានដ្ឋានឈានមុខមួយ ក្នុងវិស័យអាកាសចរណ៍ និងត្រូវបានដាក់ឈ្មោះជាអាកាសយានដ្ឋាន ដែលមានសម្រស់ស្អាតបំផុតមួយនៅលើពិភពលោក ដោយ «Prix Versailles»។ ការទទួលស្គាល់ទាំងនេះ បានបង្ហាញពីការកើនឡើង នៃភាពលេចធ្លោរបស់អាកាសយានដ្ឋាននេះ ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ក្នុងតំបន់ និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលត្រូវបានរចនាឡើង ដើម្បីគាំទ្រការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រយៈពេលវែងជាច្រើនទសវត្សរ៍ទៅមុខ។

ការផ្តល់ហិរញ្ញប្បទានពី DFC ក៏បានបន្ថែមលើការចូលរួមកាន់តែរីកចម្រើន របស់ក្រុមហ៊ុន OCIC ជាមួយស្ថាប័ន និងក្រុមហ៊ុនអាមេរិក រួមមាន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា  General Electric, OTIS, Caterpillar, CISCO និង Ford ក្នុងវិស័យដឹកជញ្ជូន វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ក៏ឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេស ក្នុងវិស័យដូចជាអាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ។ នៅពេលដែលកម្ពុជាកំពុងពង្រីកការតភ្ជាប់របស់ខ្លួន ទៅកាន់ទីផ្សារតំបន់ និងសកលលោក ភាពជាដៃគូដូចនេះ នឹងដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ទាក់ទាញការវិនិយោគអន្តរជាតិ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

To Top