តម្លៃប្រេងធ្លាក់ចុះ បន្ទាប់ពីកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីការថយចុះហានិភ័យនៃការផ្គត់ផ្គង់
បរទេស៖ តម្លៃប្រេងសកលបានធ្លាក់ចុះនៅថ្ងៃចន្ទ បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់នៅប្រទេសស្វីស ដោយទីក្រុងតេហេរ៉ង់ បាននិយាយថា ខ្លួនបានទទួលការលើកលែងសម្រាប់ការនាំចេញប្រេង និងគីមីឥន្ធនៈ ដែលកាត់បន្ថយការព្រួយ បារម្ភអំពីកង្វះខាតការផ្គត់ផ្គង់នៅក្នុងទីផ្សារពិភពលោក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 61 សេន មកនៅត្រឹម 79.96 ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃមុននេះ គឺបានកើនឡើងដល់ 82.30 ដុល្លារនៅពេលចាប់ផ្តើមជួញដូរ ដោយសារតែការគំរាមកំហែងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ឡើងវិញ ក៏ដូចជាការប្រកាសពីទីក្រុងតេអេរ៉ង់ថា ខ្លួនបានបិទច្រកសមុទ្រ Hormuz ម្តងទៀត។
យ៉ាងណាក៏ដោយ ប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate មានតម្លៃ 77.20 ដុល្លារក្នុងមួយបារ៉ែល កើនឡើង 60 សេន មុនពេលកិច្ចសន្យាផុតកំណត់នៅថ្ងៃចន្ទ។
លោក Giovanni Staunovo អ្នកវិភាគ របស់ UBS បាននិយាយថា “វឌ្ឍនភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងការចរចានៅប្រទេសស្វីស ទំនងជាកត្តាចម្បងដែលជះឥទ្ធិពល ដល់តម្លៃប្រេងនៅថ្ងៃនេះ”។
អ្នកសម្របសម្រួលបាននិយាយថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់ការចរចាជុំទីមួយរបស់ពួកគេនៅប្រទេសស្វីសនៅថ្ងៃចន្ទ។ ការពិភាក្សាបានចាប់ផ្តើមនៅថ្ងៃអាទិត្យក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាដែលសម្រេចបានកាលពីសប្តាហ៍មុន ដើម្បីពង្រីកបទឈប់បាញ់ដ៏ផុយស្រួយចាប់ពីខែមេសាយ៉ាងហោចណាស់ ៦០ ថ្ងៃទៀត៕
ប្រែសម្រួលៈ ណៃ តុលា
