ពិធីបុណ្យសែននំចាំង ជំរុញសន្ទុះទេសចរណ៍ និងបង្កើនសកម្មភាព សេដ្ឋកិច្ចក្នុងស្រុកចិន
ជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិទិនចន្ទគតិឈានចូលដល់ថ្ងៃទី៥ ខែទី៥ ប្រជាជនចិន និងបងប្អូនកាត់សែស្រឡាយចិននៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីដ៏សំខាន់មួយដែលត្រូវបានស្គាល់ថា “ពិធីបុណ្យសែននំចាំង” ឬ “Duanwu Jie” ជាភាសាចិន។
នៅឆ្នាំ២០២៦ ពិធីបុណ្យនេះបានប្រព្រឹត្តទៅ ចំថ្ងៃសុក្រ ទី១៩ ខែមិថុនា ដែលក្នុងឱកាសដ៏ឱឡារិកនេះ ប្រជាជនចិន បានចូលរួមសកម្មភាពប្រពៃណីសំខាន់ៗដូចជា ការវេចនំចាំង ការប្រណាំងទូកនាគ និងការព្យួរស្មៅ Pu នៅមុខផ្ទះ ដើម្បីបួងសួងសុំសេចក្តីសុខជាដើម។ សកម្មភាពទាំងនេះមិនត្រឹមតែជាការបង្ហាញ ពីភាពសម្បូរបែបនៃវប្បធម៌ចិនប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញសន្ទុះទេសចរណ៍ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិនផងដែរ។
ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យនេះ អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសចិន បានរៀបចំព្រឹត្តិការណ៍នានា ជាច្រើនដែលផ្តោតលើការធ្វើសមាហរណកម្មជាមួយវប្បធម៌ កីឡា និង ពាណិជ្ជកម្ម ហើយការណ៍នេះបានបង្កើតរលក នៃការធ្វើដំណើរដ៏ធំមួយនៅទូទាំងប្រទេស ។

យោងតាមវេទិកាទេសចរណ៍ Fliggy ចំនួននៃការកក់ទេសចរណ៍ក្នុងស្រុក មានការកើនឡើងយ៉ាងខ្លាំងប្រៀបធៀបនឹងឆ្នាំមុន ខណៈការកក់កញ្ចប់ហោះហើរ និងសណ្ឋាគារឆ្លងខេត្តបានកើនឡើងជាង ៩០% ក្នុងឱកាសពិធីបុណ្យខាងលើ។ តាមការប៉ាន់ស្មានរបស់ក្រសួងដឹកជញ្ជូនចិន ការធ្វើដំណើរឆ្លងតំបន់ឈានដល់ជាង ៦៥២ លានដង ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែមិថុនា។ តួរលេខនេះបានឆ្លុះបញ្ចាំង ឱ្យឃើញយ៉ាងច្បាស់ពីសក្តានុពល ភាពរស់រវើក និងភាពធន់នៃវិស័យទេសចរណ៍ចិន ទោះបីជាពិភពលោក កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា កំណើនសេដ្ឋកិច្ចយឺត និងការកើនឡើងនៃសម្ពាធភូមិសាស្ត្រនយោបាយក៏ដោយ។
ចំណុចដែលកាន់តែ គួរឱ្យចាប់អារម្មណ៍មួយក្នុងយុគសម័យទំនើបនេះគឺ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកវិសាលភាព សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ជាក់ស្តែង នំចាំងដែលមានរសជាតិប្លែកៗ ប្រចាំតំបន់ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ ទៅកាន់អ្នកប្រើប្រាស់ទូទាំងប្រទេស និងក្រៅប្រទេស តាមរយៈការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក។
យោងតាមទិន្នន័យរបស់ Tmall ការបញ្ជាទិញនំចាំងតាមតំបន់មកពីខេត្ត Guizhou, Sichuan និង Yunnan មានការកើនឡើង ១,២៤០% ៣១៥% និង ២០០% រៀងគ្នា។ បើតាមរបាយការណ៍ របស់គយ Shenzhen នំចាំងជាង ៤៨៧ តោន មានតម្លៃជាង ៩,១៨ លានយ័ន (ប្រហែល ១,៣៥ លានដុល្លារ) ត្រូវបាននាំចេញទៅក្រៅប្រទេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២៦។ ទាំងនេះបង្ហាញថា នំចាំងមិនមែនគ្រាន់ តែជាអាហារប្រពៃណី ក្នុងពិធីបុណ្យទេ ប៉ុន្តែបានក្លាយជាផលិតផលសេដ្ឋកិច្ចដែលបង្កើតតម្លៃពិតប្រាកដតាមរយៈទីផ្សារទំនើប។
ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃប្រជាជនមានចំណូលមធ្យម និងខ្ពស់ ការប្រើប្រាស់ផ្អែកលើបទពិសោធន៍ (Experience-based consumption) បានក្លាយជានិន្នាការសំខាន់មួយក្នុងសង្គមចិន។ អ្នកប្រើប្រាស់កំពុងងាកចេញពីការផ្តោតលើ “ការទិញទំនិញធម្មតា” ទៅកាន់ “ការទិញបទពិសោធន៍ថ្មីៗ ” ពោលគឺការធ្វើដំណើរទៅកម្សាន្ត និងចូលរួមផ្ទាល់ក្នុងកម្មវិធីប្រពៃណីតាមតំបន់ផ្សេងៗ។ ការផ្លាស់ប្តូរឥរិយាបថនេះ កំពុងបង្កើតឱកាសរកចំណូលថ្មីៗ និងជួយពង្រីកអាជីវកម្មទេសចរណ៍នៅតាមមូលដ្ឋាន។
ជាក់ស្តែង ការស្វែងរកសណ្ឋាគារនៅក្បែរទីតាំងប្រណាំងទូកធំៗ ក្នុងទីក្រុងក្វាងចូវ និងទីក្រុងហ្វូសាន នៃខេត្តក្វាងទុង ដែលជាបេះដូងនៃពិធីប្រណាំង ទូកនាគដ៏ល្បីល្បាញបំផុតនោះ បានហក់ឡើងដល់ទៅ ២១០% ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ មុនឱកាសបុណ្យឈានចូលមកដល់។ នេះបង្ហាញពីសន្ទុះ ដ៏ខ្លាំងក្លានៃការធ្វើដំណើរ និងចំណង់ចំណូលចិត្តក្នុងការ ដកយកបទពិសោធន៍ ជាក់ស្តែងរបស់ប្រជាជនចិន។
សរុបមក ពិធីបុណ្យសែននំចាំងមិនត្រឹមតែជាការ បន្តវប្បធម៌ប្រពៃណីរាប់ពាន់ឆ្នាំរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកយ៉ាង សំខាន់ក្នុងការបង្កើនសន្ទុះទេសចរណ៍ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិន ឱ្យកាន់តែមានភាពរឹងមាំ ភាពធន់ និងចីរភាព ជាពិសេសតាមរយៈការធ្វើសមាហរណកម្មរវាងវប្បធម៌ បច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ដែលផ្អែកលើបទពិសោធន៍៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
