តំណាងកម្ពុជាប្រចាំUN ៖ ពលករទេសន្តរប្រវេសក៍កម្ពុជា ប្រឈមការស្អប់ខ្ពើម ពីភាគីថៃ
ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) លើកឡើងពីសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើម និងវោហាសាស្ត្ររើសអើង ពីសំណាក់ភាគីថៃ។
ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងបទអន្តរាគមន៍ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្រោមរបៀបវារៈទី៣ នៃកិច្ចសន្ទនាអន្តរកម្ម ជាមួយអ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្ស របស់ពលករទេសន្តរប្រវេសន៍ ។
ក្នុងបទអន្តរាគមន៍នោះ ឯកអគ្គរាជទូតគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់បណ្តារដ្ឋនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ចំពោះពលករទេសន្តរប្រវេសក៍ និងទប់ស្កាត់ការរើសអើង អំពើហិង្សា ព្រមទាំងការរំលោភបំពាននានា។
លោកលើកឡើងជាក់ស្តែងជាពិសេស ក្នុងបរិបទ នៃភាពតានតឹងនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើមជនបរទេស វោហាសាស្ត្ររើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម ការប្រព្រឹត្តបែបប្រកាន់រើសអើង និងអំពើហិង្សា។
ទន្ទឹមនឹងនេះដែរ ឯកអគ្គរាជទូតសង្កត់ធ្ងន់ថា ពលករទេសន្តរប្រវេសក៍ មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើងដោយផ្អែក លើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនត្រូវក្លាយជាជន រងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋនោះដែរ ។
ជាមួយគ្នានេះ លោក កែ សុវណ្ណ បានអំពាវនាវដល់ប្រទេសទទួល ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្ស អន្តរជាតិរួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ៕
