Feature

ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តបាត់ដំបង ខិតខំទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្ស និងការលាងសម្អាតប្រាក់

បាត់ដំបង ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរខេត្តបាត់ដំបង ត្រូវខិតខំបង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើជួញ ដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ និងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ។

ការណែនាំរបស់ លោក ប៊ុន ហុន នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែងលោក ទេព ហន ជាអភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង ជំនួសលោក ផេង សិទ្ធី ដែលបានចូលនិវត្តន៍។ ពិធីនេះ ធ្វើឡើងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលពង្រឹងការគ្រប់គ្រង ការដឹកនាំកិច្ចការរដ្ឋបាល សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបន្ត ជំរុញការកសាងភាពធន់ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់ តែមានការរីកចម្រើន សម្រេចបាននូវ សមិទ្ធផលថ្មីៗបន្ថែមទៀត លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានផ្ដល់អនុសាសន៍ ឱ្យរដ្ឋបាលខេត្តបាត់ដំបងត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខណៈសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក រដ្ឋលេខាធិការ បានបន្តណែនាំដល់រដ្ឋបាលខេត្ត ត្រូវខិតខំស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនខុសច្បាប់តាមរយៈការបំផុសចលនានៅក្នុងសង្គមទាំងមូលឱ្យចូលរួមជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅក្នុងផែនការស្ដីពីការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីចូលរួមទប់ស្កាត់សកម្មភាពជួញដូរប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសកម្ពុជា និងកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជន គ្រឿងញៀនមិនឱ្យប្រើប្រាស់ប្រទេសកម្ពុជា ជាគោលដៅនៃការផលិត កែច្នៃគ្រឿងញៀនខុសច្បាប់ដើម្បីចែកចាយទៅកន្លែងផ្សេងៗទៀត។

លោក រដ្ឋលេខាធិការ បន្ថែមថា ត្រូវខិតខំបង្ការទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ ការលាង សម្អាតប្រាក់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសការគ្រប់គ្រង សណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងការអប់រំផ្សព្វផ្សាយចរាចរណ៍។

លើសពីនេះ លោក រដ្ឋលេខាធិការ ក៏ណែនាំបន្ថែមឱ្យជំរុញនិងបំផុសឱ្យមានចលនាចូលរួមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនៅក្នុងភូមិសាស្រ្តរបស់ខ្លួនទាំងមូល ជាពិសេសការបង្ការ និងបង្រ្កាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង រក្សាអនាម័យបរិស្ថាន ពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕

To Top