បាត់បង់ជីវិត៥នាក់ ក្នុងហេតុការណ៍ វាយប្រហារដោយមីស៊ីល របស់អ៊ុយក្រែនលើទីក្រុងរបស់រុស្សី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលខេត្ត Aleksandr Gusev បាននិយាយថា មនុស្ស៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ុយក្រែន ទៅលើទីក្រុង Voronezh នៃប្រទេសរុស្ស៊ី។
ការព្រមានអំពីការវាយប្រហារដោយមីស៊ីល ត្រូវបានចេញសម្រាប់តំបន់ ដែលមានចម្ងាយប្រហែល៤៥០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងម៉ូស្គូកាលពីព្រឹកថ្ងៃចន្ទ ។ លោក Gusev បានរាយការណ៍ថា ការការពារដែនអាកាសបានស្ទាក់ចាប់ គោលដៅអាកាសល្បឿនលឿន លើទីក្រុង។
បើតាមអភិបាលខេត្ត មីស៊ីលបានវាយប្រហាររោងចក្រឧស្សាហកម្មមួយបណ្តាលឲ្យមានការខូចខាតយ៉ាងខ្លាំង និងភ្លើងបានរលត់ទៅវិញ។
លោកGusev បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើ Telegram ថាការវាយប្រហារនេះបានធ្វើឱ្យខូចខាតដល់ប្លុកផ្ទះល្វែងជាច្រើន ក៏ដូចជាផ្ទះគ្រួសារតែមួយចំនួន៦ និងរថយន្តប្រហែល៥០គ្រឿង។
ទោះបីជាយ៉ាងណាក្តីមន្ត្រីរុស្ស៊ី មិនបានកំណត់អត្តសញ្ញាណអាវុធ ដែលប្រើក្នុងហេតុការណ៍នេះភ្លាមៗនោះទេ។ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានអះអាងថា មីស៊ីលឆ្លងដែនរបស់អង់គ្លេស-បារាំង Storm Shadow ទំនងជាត្រូវបានប្រើប្រាស់៕
ប្រែសម្រួល៖ស៊ុនលី
