ព័ត៌មានអន្តរជាតិ

ទស្សនវិស័យសេដ្ឋកិច្ច តំបន់ចាយប្រាក់អឺរ៉ូ​ នៅតែមិនប្រាកដប្រជា​ ទោះបីជាមានកិច្ចព្រមព្រៀង សន្តិភាពមជ្ឈិមបូព៌ា

ប្រ៊ុចសែល៖ ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde បានព្រមានថា​ ទស្សនវិស័យសេដ្ឋកិច្ចតំបន់អឺរ៉ូ​ នៅតែមិនប្រាកដប្រជា ដោយអតិផរណាប្រឈមមុខនឹងហានិភ័យកើនឡើង និងកំណើនសេដ្ឋកិច្ចមានទំនោរទៅរកការធ្លាក់ចុះ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពថ្មីៗ នៅមជ្ឈិមបូព៌ាក៏ដោយ ។

ថ្លែងនៅក្នុងសវនាការរបស់គណៈកម្មាធិការ កិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សភាអឺរ៉ុប នៅទីក្រុងព្រុចសែល លោកស្រី Lagarde បានឧ្យដឹងថា ជម្លោះមជ្ឈិមបូព៌ាបានជំរុញឱ្យ តម្លៃថាមពលកើនឡើង អតិផរណាកើនឡើង និងថ្លឹងថ្លែង លើសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ូ។

លោកស្រី Lagarde បានលេីកឡេីងថា “ទស្សនវិស័យនៅតែមិនប្រាកដប្រជា ជាមួយនឹងហានិភ័យកើនឡើង​ សម្រាប់អតិផរណា និងហានិភ័យធ្លាក់ចុះ​ សម្រាប់កំណើនសេដ្ឋកិច្ច”។

លោកស្រីស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា ប៉ុន្តែបានព្រមានថា ស្ថានភាពនៅតែផុយស្រួយ ជាមួយនឹងហានិភ័យនៃការថយក្រោយ ឬការកើនឡើងនៃភាពតានតឹងឡើងវិញ។

លោកស្រី​បាន​បន្ដ​ថា ផលប៉ះពាល់​ពេញលេញ​នៃ​សង្គ្រាម​ចំពោះ​អតិផរណា និង​កំណើន​រយៈពេល​មធ្យម នឹង​អាស្រ័យ​លើ​អាំងតង់ស៊ីតេ និង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​តម្លៃ​ថាមពល ក៏ដូចជា​ទំហំ​នៃ​ផលប៉ះពាល់​ដោយប្រយោល និង​ជុំ​ទី​ពីរ​របស់​វា។

អតិផរណា​តំបន់ចាយប្រាក់​អឺរ៉ូ​បាន​កើនឡើង​ដល់ ៣.២ភាគរយ​ក្នុង​ខែឧសភា ពី ៣ភាគរយ​ក្នុង​ខែមេសា ដែល​ភាគច្រើន​ជំរុញ​ដោយ​អតិផរណា​ថាមពល​ខ្ពស់ ដែល​លើស​ពី ១០ភាគរយ​ទាំង​ក្នុង​ខែមេសា និង​ឧសភា។
ទន្ទឹមនឹងនេះ អតិផរណា​មិន​រាប់បញ្ចូល​ថាមពល និង​អាហារ​ក៏​បាន​កើនឡើង​ដល់ ២.៦ភាគរយ​ក្នុង​ខែឧសភា​ផងដែរ ដែល​ឆ្លុះបញ្ចាំង​មួយផ្នែក​ពី​ផលប៉ះពាល់​ដោយប្រយោល​ដំបូង​នៃ​តម្លៃ​ថាមពល​ខ្ពស់​៕

To Top