DAP News
Feature

ក្រសួងសុខាភិបាល រៀបចំជំនួបជូនពរ និងថ្លែងអំណរគុណតំណាង UNICEF ប្រចាំកម្ពុជា បញ្ចប់បេសកកម្ម

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបជូនពរ និងថ្លែងអំណរគុណចំពោះ Dr. Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់បេសកកម្ម ការងារនៅកម្ពុជា ។

 
ក្នុងឱកាសនោះ ក្រសួងសុខាភិបាលបានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏មានសារៈសំខាន់របស់លោកវេជ្ជបណ្ឌិត Dr. Will Parks ក្នុងការពង្រឹងភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ UNICEF ជាពិសេសការគាំទ្រដល់សុខភាព និងសុខុមាលភាពស្ត្រី កុមារ និងយុវវ័យ។
 

ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រ ទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមាន ៖ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។

 
ក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់ពីលទ្ធផលជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ UNICEF រួមមាន ៖ ការពង្រឹងសេវាសុខភាពមាតា និងទារក ការបង្កើត និងពង្រីកអង្គភាពថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកមួយចំនួន ការគាំទ្រការបំលែងឌីជីថលសុខាភិបាល តាមរយៈ DHIS2 និង Electronic Immunization Record ការងារសុខភាពបរិស្ថាន ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយបរិស្ថានល្អ និងការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅមូលដ្ឋានសុខាភិបាល។

ជាការឆ្លើយតបមកវិញ Dr. Will Parks បានសំដែងអំណរគុណដល់គ្រប់សហភាតរៈសុខាភិបាលទាំងអស់ទូទាំងកម្ពុជាអំពីការខិតខំសហការដ៏ល្អប្រសើរ និងសម្រេចបានរួមគ្នានូវសមិទ្ធផលសុខាភិបាលសម្រាប់ប្រជាជនកម្ពុជា ពិសេសនោះគឺសុខភាពកុមារ និងស្ត្រីជាមាតា ហើយដែលUNCEF នៅជាមួយកម្ពុជាគ្រប់ពេលវេលា បន្តគាំទ្រសុខភាពមាតា ទារក និងកុមារ ៕

To Top