លោក គឹម ពីនន់ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីប្រគល់ពានរង្វាន់វីដេអូខ្លី អាស៊ាន-ចិន លើកទី៥ នៅក្វាងស៊ី
ភ្នំពេញ: ក្រោមការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសម្របសម្រួលដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មជ្ឈមណ្ឌលបោះពុម្ពអន្តរជាតិរបស់ប្រទេសចិន លោក គឹម ពីនន់ អនុរដ្ឋលេខាធិការ ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅកាន់ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួម«ពិធីប្រគល់ពានរង្វាន់ឆ្នើមលើកទី៥ ដល់សិស្ស-និស្សិតនៃបណ្តាប្រទេសអាស៊ាន និងចិន លើស្នាដៃវីដេអូខ្លី ក្រោមប្រធានបទមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន»។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកបទពិសោធន៍ និងការពង្រឹងចំណងមិត្តភាពរវាងយុវជននៃបណ្តាប្រទេសអាស៊ាន និងចិន តាមរយៈការផលិត និងផ្សព្វផ្សាយស្នាដៃវីដេអូខ្លី ដែលឆ្លុះបញ្ចាំងពីវប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ និងការអភិវឌ្ឍសង្គមរបស់ប្រទេសនីមួយៗ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក គឹម ពីនន់ និងគណៈប្រតិភូកម្ពុជា ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យវប្បធម៌ក្វាងស៊ី និងសាលាបេតិកភណ្ឌអរូបី ដើម្បីសិក្សាឈ្វេងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌ ព្រមទាំងពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាជាតិវិចិត្រសិល្បៈ ក្នុងការ រួមចំណែក ក្នុងវិស័យអប់រំ សិល្បៈ វប្បធម៌ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងយុគថ្មី។
ជាមួយគ្នានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នឹងមានកិច្ចប្រជុំដាច់ដោយឡែកជាមួយក្រុមយុវជនផលិត និងថតវីដេអូខ្លីរបស់ប្រទេសចិន ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យយុវជនទាំងនោះមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមផលិតមាតិកាឌីជីថលផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ និងការអភិវឌ្ឍរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ ជាពិសេសប្រជាជន និងយុវជនចិន។
ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងកម្ពុជា និងចិន ស្របតាមស្មារតីនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់ រដូវកាល ក្នុង យុគសម័យ ថ្មី និងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ កម្ពុជាបន្តបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍធនធានមនុស្ស ការច្នៃប្រឌិតរបស់យុវជន និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលជាឧបករណ៍សំខាន់ក្នុងការផ្សព្វផ្សាយអត្តសញ្ញាណជាតិ វប្បធម៌ និងសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ជាពិសេស រួមចំណែក ទាក់ទាញទេសចរជនជាតិចិនកាន់តែច្រេីនមកទស្សនាកម្ពុជា ៕
