ក្រសួងបរិស្ថាន កំពុងរៀបចំដាក់បញ្ចូលតំបន់ភ្នំមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់ការពារធម្មជាតិ
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់បញ្ចូលតំបន់ភ្នំមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់ការពារធម្មជាតិ ដើម្បីអភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់សក្ដានុពលទេសចរណ៍។

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានរៀបចំពិនិត្យការស្នើសុំគាំទ្រដំណើរការ រៀបចំបង្កើតតំបន់ការពារទេសភាព ឬតំបន់បេតិកភណ្ឌវប្បធម៌និងធម្មជាតិចំពោះតំបន់ភ្នំចំនួន៩ភ្នំ (តំបន់) របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។
យោងតាមសំណើររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុមការងារបានគាំទ្រដំណើរការរៀបចំបង្កើតតំបន់ការពារធម្មជាតិ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលគ្រោងបង្កើតភ្នំចំនួន ៤ ជាតំបន់បេតិកភណ្ឌធម្មជាតិ រួមមាន ភ្នំកងវ៉ា មានផ្ទៃដីទំហំ ៥០ហិកតា, ភ្នំជ្រាប់ មានផ្ទៃដីទំហំ ៥៨,៥១ហិកតា, ភ្នំតូច មានផ្ទៃដីទំហំ ៥២,៨០ហិកតា និងភ្នំស្រេះ មានផ្ទៃដីទំហំ ២២ហិកតា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើតំបន់ភ្នំ ចំនួន ៥ ជាតំបន់ការពារទេសភាព គឺ៖ ភ្នំវែង មានផ្ទៃដីទំហំ ២៧០ហិកតា, ភ្នំម៉ាឡៃ មានផ្ទៃដី ទំហំ ១០៨ហិកតា, ភ្នំទឹកចេញ មានផ្ទៃដីទំហំ ២៦២,៣១៦ហិកតា, ភ្នំខ្លាកូន មានផ្ទៃដីទំហំ ៦៨ហិកតា និងភ្នំពង្រ មានផ្ទៃដីទំហំ ១៧ហិកតា។
សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន៧៣ តំបន់ គ្រប់ដណ្តប់លើផ្ទៃដីជាង ៧លាន ហ.ត ស្មើនឹងប្រមាណ៤១% នៃផ្ទៃដីប្រទេស ដែលបច្ចុប្បន្នតំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ឧទ្យានជាតិ មានចំនួន ០៩តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន ០២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន១៨ តំបន់ តំបន់ការពារទេសភាពមានចំនួន១៤ តំបន់ តំបន់ប្រើប្រាស់ច្រើយ៉ាង មានចំនួន ១១តំបន់ តំបន់រាមសារមានចំនួន ០៥តំបន់ តំបន់បេតិកភណ្ឌធម្មជាតិ មានចំនួន១៤ តំបន់៕
