ហ្គាណា បង្កើតតាក់ទិកការពារដែកថែប បញ្ចប់លទ្ធផលស្មើ ០-០ ជាមួយអង់គ្លេសយ៉ាងតានតឹង
ការប្រកួតជុំទី២ ក្នុងពូល L នៃពានរង្វាន់ FIFA World Cup 2026 នៅកីឡដ្ឋាន Boston បានបញ្ចប់ទៅដោយការខកចិត្ត សម្រាប់ក្រុមតោកំណាចអង់គ្លេស បន្ទាប់ពីត្រូវក្រុមតារាខ្មៅហ្គាណា ការពារក្នុងលទ្ធផល ០-០។

ទោះបីជាអង់គ្លេសគ្រប់គ្រងបាល់រហូតដល់ជិត ៨០% និងមានឱកាសស៊ុតដល់ទៅ ១៩ លើកក៏ដោយ ក៏ប្រព័ន្ធការពារ ៥-៤-១ ដ៏រឹងមាំ របស់គ្រូបង្វឹក Carlos Queiroz និងភាពហ្មត់ចត់របស់អ្នកចាំទី Benjamin Asare បានធ្វើឱ្យតំបន់ ប្រយុទ្ធរបស់លោក Thomas Tuchel ជួបភាពទាល់ច្រកពេញ ៩០ នាទី។
នាទីទី ៧៤ ខ្សែបម្រើឆ្នើម Jude Bellingham ត្រូវបានប្តូរចេញ។ ទោះបីជាមិនអាចជួយក្រុមឈ្នះ ប៉ុន្តែលោកបានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាកីឡាករវ័យក្មេងបំផុត ២២ ឆ្នាំ ៣៥៩ ថ្ង ដែលបង្ហាញខ្លួនឱ្យក្រុម ជម្រើសជាតិអង់គ្លេសបាន ៥០ ប្រកួត។
នាទីទី ៧៨ ហ្គាណាស្ទើរតែធ្វើការវាយបកបានសម្រេចទៅហើយ នៅពេល Abdul Fatawu បញ្ជូនបាល់ទៅឱ្យ Prince Adu ប៉ុន្តែត្រូវបានខ្សែការពារ Ezri Konsa តាមមកបង្អាក់ទាន់ពេល។
នាទីទី ៨៧ ខ្សែការពារវ័យក្មេង Nico O’Reilly តែតបាល់ប៉ះនឹងរបារទីពេញទំហឹង ហើយបាល់ផ្លាតមកចំ Harry Kane ប៉ុន្តែប្រធានក្រុមរូបនេះបែរជាស៊ុតហើរឡើងលើមេឃយ៉ាងគួរឱ្យស្តាយ។

ក្រោយបញ្ចប់ការប្រកួតនេះ ទាំងអង់គ្លេស និងហ្គាណា សុទ្ធតែមាន ៤ ពិន្ទុដូចគ្នាក្នុងដៃ ដោយឈរនៅលេខ ១ និងលេខ ២ ក្នុងពូល L ហើយពួកគេត្រូវការតែ ១ ពិន្ទុទៀតប៉ុណ្ណោះក្នុងប្រកួតចុងក្រោយ អង់គ្លេសជួបប៉ាណាម៉ា ឯហ្គាណាជួបក្រូអាត ដើម្បីធានាកៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។
