ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ វាយប្រហារទីតាំងទំនាក់ទំនង យោធា និងភស្តុភាររបស់រុស្ស៊ី

គៀវ៖​ អ៊ុយក្រែន​ បានឧ្យដឹងថា ខ្លួនបានវាយប្រហារទីតាំងយោធា ទំនាក់ទំនង និងភស្តុភាររបស់រុស្ស៊ី ខណៈពេលដែលចោទប្រកាន់ទីក្រុងមូស្គូថា​ បានវាយប្រហារនាវាពាណិជ្ជកម្ម​ ដែលមានទង់ជាតិបរទេសនៅក្នុងសមុទ្រខ្មៅ និងសម្លាប់សមាជិកនាវិកម្នាក់។

អគ្គសេនាធិការអ៊ុយក្រែនបានឧ្យដឹងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលទំនាក់ទំនងអវកាស Dubna នៅក្នុងតំបន់មូស្គូ កំពង់ផែ Kavkaz ក្នុងតំបន់ Krasnodar សាឡង់រថយន្តពីរគ្រឿង​ ដែលប្រើ​ សម្រាប់ផ្គត់ផ្គង់កងទ័ពរុស្ស៊ី រោងចក្រ Voronezh ដែលផលិតគ្រឿងអេឡិចត្រូនិចសម្រាប់មីស៊ីល Iskander និង Kh-101 កន្លែងហ្វឹកហាត់ប្រតិបត្តិករយន្តហោះគ្មានមនុស្សបើក និងស្ពានមួយកន្លែង។

ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា ការការពារដែនអាកាសបានបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៣០១គ្រឿងពេញមួយយប់លើទឹកដីរបស់ខ្លួន។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឧ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ៨៤គ្រឿងត្រូវបានបាញ់ទម្លាក់នៅជិតរដ្ឋធានី ដោយគ្មានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតឡើយ។

មន្ត្រីអ៊ុយក្រែនបានឧ្យដឹងទៀតថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី​ បានវាយប្រហារនាវាស៊ីវិលចំនួន​ ៣គ្រឿងដែលមានទង់ជាតិបរទេសកាលពីយប់ថ្ងៃចន្ទ​ ដោយបានសម្លាប់សមាជិកនាវិកអេហ្ស៊ីបម្នាក់នៅលើនាវាដឹកទំនិញ​ ដែលមានទង់ជាតិប៉ាណាម៉ា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top