DAP News
ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់នឹងរៀបចំប្រព័ន្ធ ទំនាក់ទំនងគ្នា បន្ទាន់ជាមួយនឹង សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz

បរទេស៖យោងតាមការចេញផ្សាយ របស់ RT លោក Mohammad Bagher Ghalibaf ប្រធានអ្នកចរចារបស់ទីក្រុង តេហរ៉ង់ បាននិយាយថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមបង្កើត បណ្តាញទូរស័ព្ទទាក់ទងគ្នាបន្ទាន់ ជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បី ទប់ស្កាត់ និងដោះស្រាយការយល់ច្រឡំណាមួយ ដែលពាក់ព័ន្ធនឹងនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ។

លោក Ghalibaf បាននិយាយកាលពីថ្ងៃចន្ទថា ច្រកសមុទ្រនេះនឹងត្រូវបាន គ្រប់គ្រងក្រោមការចាត់ចែងរបស់អ៊ីរ៉ង់ហើយនឹង មិនវិលត្រលប់ទៅរកអ្វីដែលវាធ្លាប់មានពីមុនសង្រ្គាមនោះទេ។

ការលើកឡើងដោយលោក Ghalibaf ធ្វើឡើងកាលពីថ្ងៃចន្ទក្នុងពេល ដែលលោកបានត្រលប់មកពីជុំទីមួយនៃកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកនៅប្រទេសស្វីសវិញ។

លោក Ghalibaf ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Mehr ទៀតថា ៖បញ្ហាអាចកើតឡើងនៅច្រកសមុទ្រ Hormuz ដូច្នេះយើងបានយល់ព្រមបង្កើតមជ្ឈមណ្ឌល និងបណ្តាញទំនាក់ទំនង ដូច្នេះប្រសិនបើបញ្ហាកើតឡើង យើងអាចដោះស្រាយវាបានកាន់តែលឿនក្នុងរយៈពេល៣០ ថ្ងៃ។

លោកបានបន្ថែមថា ខ្សែទំនាក់ទំនងនឹងមិនត្រូវបានប្រើ ដើម្បីទទួលបានការអនុញ្ញាត ពីអ៊ីរ៉ង់សម្រាប់ការឆ្លង កាត់ផ្លូវទឹកនោះទេ ដោយលោកបាននិយាយថា នីតិវិធីបោសសម្អាតនឹងនៅដាច់ដោយឡែក។ ផ្ទុយទៅវិញ វានឹងបម្រើជាយន្តការមួយសម្រាប់ ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកប៉ាល់ និងការបញ្ជាក់ពីឧប្បត្តិហេតុ ដែលអាចកើតមាននៅទីនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top