កូឡុំប៊ី ច្របាច់ក សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ១-០ កក់កៅអីឡើងវគ្គ ៣២ ក្រុមជាផ្លូវការ!
ក្រុមជម្រើសជាតិកូឡុំប៊ី បានបន្តភាពខ្លាំងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 វគ្គចែកពូល ពូល K បន្ទាប់ពីយកឈ្នះលើក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងលទ្ធផល ១-០ យ៉ាងលំបាកនៅកីឡដ្ឋាន Guadalajara Stadium ប្រទេសម៉ិកស៊ិក។

ទោះបីជាកុងហ្គោព្យាយាមរៀបចំប្រព័ន្ធការពារយ៉ាងតឹងរ៉ឹង ពេញមួយវគ្គទីមួយ និងមានការសង្គ្រោះបាល់យ៉ាងល្អពីអ្នកចាំទី Lionel Mpasi ក៏ដោយ ក៏សម្ពាធវាយសម្រុកឥតឈប់ឈរ របស់កូឡុំប៊ីបានហុចផលនៅវគ្គទីពីរ។
វគ្គទីមួយ កូឡុំប៊ីជាអ្នកគ្រប់គ្រងការប្រកួតទាំងស្រុង និងមានឱកាសស៊ុតចំគោលដៅដល់ទៅ ៦ លើកពីខ្សែប្រយុទ្ធ Luis Díaz និង Jhon Arias ប៉ុន្តែត្រូវបានរារាំងដោយភាពអស្ចារ្យរបស់អ្នកចាំទីកុងហ្គោ លទ្ធផលរក្សាស្មើ ០-០។
នាទីទី ៧៦ ការផ្លាស់ប្តូរយុទ្ធសាស្ត្រដោយការប្តូរចូលរបស់កីឡាករបម្រុង បានបង្កឱកាសឱ្យខ្សែការពារស្លាបស្តាំ Daniel Muñoz រត់កាត់ចូលទៅស៊ុតបានយ៉ាងស្អាតទម្លាយសំណាញ់ទី។

នាទីទី ៩០+៣ ការប្រកួតកាន់តែក្តៅគគុកនៅចុងម៉ោង ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នា និងទទួលបានកាតលឿងម្នាក់មួយរវាង Jefferson Lerma (កូឡុំប៊ី) និង Charles Pickel (កុងហ្គោ)។
ជ័យជម្នះនេះបានធ្វើឱ្យកូឡុំប៊ីទទួលបាន ៦ ពិន្ទុពេញ ពីការប្រកួត ២ លើកដំបូងរបស់ពួកគេ និងក្លាយជាក្រុមដំបូងគេ ក្នុងពូល K ដែលបានកក់កៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយជាផ្លូវការ។ ចំណែកឯ DR Congo មាន ១ ពិន្ទុ និងត្រូវដណ្តើមជោគវាសនារបស់ខ្លួនជាមួយព័រទុយហ្គាល់ (មាន ៤ ពិន្ទុ) ក្នុងប្រកួតចុងក្រោយ។
