ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ​របស់ ​CGTN​ ៖ ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា ​ក្លាយទៅជា​កម្លាំងផលិតកម្ម ​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​

ពិព័រណ៍​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចិន អន្តរជាតិ ​ដែលបើកធ្វើ​នៅពេលថ្មីៗ​កន្លងទៅនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​​ទូទាំងពិភពលោក ។​ តាមការស្ទង់​មតិរបស់​បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គស្ថានីយ​វិទ្យុ និងទូរទស្សន៍​មជ្ឈិមចិន​ចំពោះអ្នក​ប្រើបណ្តាញ​អ៊ីនធឺណិត​នៅ​ទូទាំង​ពិភពលោក​បង្ហាញថា​ អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៧៩,៥​ភាគរយ ​បាន​វាយតម្លៃយ៉ាង​សកម្ម​ចំពោះ​ការដែល​ប្រទេសចិនបាន​រួមចំណែក​ក្នុង​ការជំរុញ​ការបង្កើត​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយ ​ហើយសម្គាល់​ឃើញថា ​ចិនជា​អ្នកគាំពារនិង​ជា​ស្ថាបនិក​ដ៏មុតមាំ ​នៃ​ខ្សែសង្វាក់​ឧស្សាហកម្មនិង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល ។

ពិព័រណ៍​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចិនអន្តរជាតិ​លើកនេះ​​​មាន​ការចូលរួមពី​សហគ្រាស​និងស្ថាប័ន​សរុប​៦៧៦​​ ដែល​មកពី​ប្រទេស ​តំបន់និង​អង្គការ​អន្តរជាតិ​ចំនួន៨៥​ ហើយចំនួន​សហគ្រាសបរទេស​ដែលចូលរួម​ពិព័រណ៍លើក​នេះឡើងដល់​៣៦,៥ភាគរយ ​ដែលមានចំនួន​លើសពី​១២០០​សហគ្រាស​ ។ ​អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៣,៣​ភាគរយ​បាន​សម្គាល់​ឃើញថា ​ប្រការនេះបាន​បញ្ជាក់យ៉ាង​ពេញលេញនូវ​កម្លាំងទាក់ទាញ​ដ៏ខ្លាំងក្លានៃ​ទីផ្សារនិង​ខ្សែសង្វាក់​ឧស្សាហកម្ម​របស់ចិនចំពោះ​សហគ្រាស​មកពី​ពិភពលោក​ទាំងមូល​ ។ ​អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨០,៨​ភាគរយ​បានលើកឡើងថា ​ប្រជាប្រិយភាពខ្លាំងនៃ​ពិព័រណ៍​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចិនអន្តរជាតិ​មិនគ្រាន់តែ​បាន​មកពីឧត្តមភាព​ពិសេសនៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​ពេញលេញ​របស់ចិនប៉ុណ្ណោះទេ ​​ប៉ុន្តែក៏​បង្ហាញពី​សេចក្តីប្រាថ្នារួម​នៃមជ្ឈដ្ឋាន​ឧស្សាហកម្មនិង​ពាណិជ្ជកម្មនៅ​ទូទាំងពិភពលោក​ចំពោះការបង្កើន​កិច្ចសហប្រតិបត្តិការខាង​ខ្សែសង្វាក់​ឧស្សាហកម្មនិង​ខ្សែសង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ​ផងដែរ ។

ការស្ទង់មតិ​លើកនេះធ្វើឡើង​តាមវេបសាយ​ ៥ ភាសា​របស់​បណ្តាញ​ CGTN​ រួមមាន​ភាសាអង់គ្លេស​ អេស្ប៉ាញ ​បារាំង​ អារ៉ាប់និង​រុស្ស៊ី ហើយក្នុង​រយៈពេល ២៤ ម៉ោង​ ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិតចំនួន​៤៧៥៣​នាក់បានចូលរួម​ការបោះឆ្នោត​និងបញ្ចេញមតិ ​៕

To Top