Feature

លោក កែវ ឈា ៖ កម្ពុជា បេ្តជ្ញាសម្រេចឱ្យបាន គោលដៅការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួច

ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ(UN) លោក កែវ ឈា បានថ្លែងថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បានបេ្តជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅ នៃការចាកចេញពីប្រទេស អភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ។

ថ្លែងក្នុងព្រឹត្តិការណ៍ពិសេស របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) ស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (DPoA for LDCs) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តពេញទំហឹងរបស់កម្ពុជាក្នុងការអនុវត្តកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និងការសម្រេចឱ្យបាននូវការចាកចេញដោយរលូន និងប្រកបដោយចីរភាពពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។

លោកបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ និងគោលនយោបាយជាតិ ដើម្បីគាំទ្រដល់អន្តរកាលនេះ រួមទាំងការបង្កើតគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

លោកក៏បានអំពាវនាវ ឱ្យមានសាមគ្គីភាពអន្ដរជាតិជាថ្មី និងភាពជាដៃគូកាន់តែរឹងមាំ ជាពិសេសចំពោះហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ភាពធន់នឹងអាកាសធាតុ និងការគាំទ្រដល់អន្តរកាលដោយរលូន ។

សូមបញ្ជាក់ថា តាមរយៈការសម្រេចចិត្តជាឯកច្ឆ័ន្ទ របស់មហាសន្និបាតអង្គការសហប្រជាជាតិ នាពេលកន្លងមក កម្ពុជាទទួលបានរយៈពេលអន្តរកាលត្រៀមខ្លួនចំនួន៥ឆ្នាំ (២០២៤-២០២៩) ដែលជាករណីលើកលែងពិសេស ដើម្បីធានាបាននូវការចាកចេញមួយដោយរលូន និរន្តរភាព និងមិនអាចបកក្រោយបាន៕

To Top