មេដឹកនាំក្រុមហេសបូឡា ទាមទារឱ្យអ៊ីស្រាអែល ដកទ័ពទាំងស្រុងចេញពីទឹកដីលីបង់
បេរូត៖ លោក Naim Qassem អគ្គលេខាធិការ ក្រុមហេសបូឡា បានឧ្យដឹងថា អ៊ីស្រាអែល គ្មានជម្រើសអ្វីក្រៅពីដកទ័ព ចេញពីទឹកដីលីបង់ទាំងអស់នោះទេ ដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់ត្រូវតែអនុវត្តយ៉ាងពេញលេញ។
លោក Qassem បានឧ្យដឹងក្នុងអំឡុងពេលជួបជុំគ្នា នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតថា “គ្មានជម្រើសណាមួយនៅចំពោះមុខអ៊ីស្រាអែលទេ លើកលែងតែការដកទ័ពចេញពីទឹកដី លីបង់ ទាំងអស់ដោយមិនរក្សាសូម្បីតែមួយអ៊ីញក្រោមលេសណាមួយនោះឡេីយ”។
យោងតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក al-Manar លោក Qassem បានលេីកឡេីងថា ក្រុមហេសបូឡា និងលីបង់ បានចូលដល់ “ដំណាក់កាលថ្មីមួយ” ដែលសម្គាល់ដោយអ្វីដែលលោកបានពិពណ៌នាថា ជាការបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការលុបបំបាត់ក្រុមនេះ។
លោកបានគូសបញ្ជាក់ថា “គម្រោងដ៏សំខាន់ដែលមានគោលបំណងបញ្ចប់ក្រុមហេសបូឡា ទាំងផ្នែកយោធា នយោបាយ វប្បធម៌ សង្គម និងមនុស្សជាតិ ត្រូវបានបំផ្លាញ” ដោយអះអាងថា អ៊ីស្រាអែល បានបរាជ័យក្នុងការសម្រេច គោលបំណងរបស់ខ្លួន ទោះបីជាមានសម្ពាធយោធាជាច្រើនឆ្នាំក៏ដោយ។
លោកបានអះអាងថា ការតស៊ូនៅតែជាការធានាតែមួយគត់សម្រាប់ការរំដោះ ឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសលីបង់ ខណៈពេលដែលរិះគន់សហរដ្ឋអាមេរិក និងតួអង្គអន្តរជាតិដទៃទៀត ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការបរាជ័យក្នុងការគោរពការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ ២០២៤។
លោកក៏បានសរសើរការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហេសបូឡា និងលីបង់ ក្នុងអំឡុងពេលជម្លោះ ដោយលោកបានលេីកឡេីងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបាន រួមចំណែកដល់លទ្ធផល នៃការប្រឈមមុខដាក់គ្នា៕
ប្រែសម្រួល ឈូក បូរ៉ា









