Feature

រដ្ឋមន្រ្តីរ៉ែ ៖ ថ្មអារត្រូវយកទៅច្នៃ​ ដើម្បីឱ្យបានតម្លៃខ្ពស់បន្ថែមទៀត

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា សមាគមកែច្នៃថ្មអារកម្ពុជា ត្រូវតែខិតខំធ្វើយ៉ាងណាកែច្នៃថ្មអារ ទៅជាផលិតផលប្រើប្រាស់ចេញពី អត្តសញ្ញាណខ្មែរ ដើម្បីឱ្យមានតម្លៃកាន់តែខ្ពស់បន្ថែមទៀត ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក កែវ រតនៈ មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២២ដល់ដើមឆ្នាំ២០២៦ ចំណូលសួយសារពីវិស័យថ្មអារចូលថវិកាជាតិ មានប្រមាណជាជិត៤០លានដុល្លារ (មិនគិតពន្ធនិងអាករផេ្សងៗ)។
 
លោកថា ផែនការអទិភាពបន្ត គឺបង្កើតតម្លៃបន្ថែមតាមរយៈពិពិធកម្ម នៃផលិត ផលពីថ្ម រកទីផ្សារក្រៅប្រទេសបន្ថែម និងការគ្រប់គ្រងវិស័យនេះ ដោយគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោន៍និងការបណ្តុះបណ្តាលជំនាញដល់កម្មករខ្មែរ។
 
រដ្ឋមន្រ្តីបញ្ជាក់ថា “អីចឹងផលិតផលថ្មអារត្រូវតែយកទៅច្នៃ ឱ្យបានទៅជាតម្លៃបន្ថែមច្រើនទៀត ។ ខ្ញុំចង់ឱ្យសមាគមបង្កើតក្រុមមួយដើម្បីធ្វើកិច្ចការជាមួយ Artist របស់ខ្មែរ គឺត្រូវជជែកគ្នា ជាមួយអ្នកឆ្លាក់ ដើម្បីជាសិល្បកររបស់ខ្មែរ អ្នកដែលជំនាញខាងចម្លាក់ដែលនាំឱ្យថ្ម យើងក្លាយទៅជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសដូចជានាំចេញ”។
 
រដ្ឋមន្រ្តីក៏បានស្នើឱ្យអ្នក ជំនាញខាងថ្មអារ ត្រូវសម្លឹងមើលថា វិស័យថ្មអារនេះ មិនមែនត្រឹមតែជាការកែច្នៃសម្រាប់នាំចេញទេ ប៉ុន្តែត្រូវប្រឹងប្រែងបង្កើន តម្លៃបន្ថែមទៀតទៅលើផលិតផលកែច្នៃ ដែលជាអត្តសញ្ញាណរបស់ខ្មែរ ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់វិស័យទេសចរ។
សូមបញ្ជាក់ថា ថ្មអារ ជាប្រភេទថ្មសំណង់ធម្មជាតិដែលត្រូវបានកាត់យកចេញពីភ្នំ ឬគាស់កកាយចេញពីក្នុងដីមានសណ្ឋានជាដុំប្លុកធំៗ រួចយកមកអារជ្រៀកកែច្នៃជាសន្លឹក បន្ទះ ឬដុំតូចៗ។ ថ្មប្រភេទនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការងារសាងសង់ ការតុបតែងលម្អ ដូចជា ការ៉ូឡា ជញ្ជាំង និងធ្វើគ្រឿងសង្ហារឹម និងរូបចម្លាក់ផ្សេងៗ ៕

To Top