តម្លៃប្រេង បានបន្តធ្លាក់ចុះ ជិតដល់កម្រិតមុនសង្គ្រាម ខណៈដែលកប៉ាល់ដឹកប្រេង ដែលជាប់គាំងបានចាកចេញ ពីច្រកសមុទ្រ Hormuz
បរទេស៖ តម្លៃប្រេងបានបន្តធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ ដោយខិតជិត ដល់កម្រិតមុនសង្គ្រាម ខណៈដែលកប៉ាល់ដឹកប្រេង ដែលជាប់គាំងបានចាកចេញ ពីច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចព្រមព្រៀងដំបូងដើម្បីបញ្ចប់សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលធ្វើឲ្យក្តីបារម្ភអំពីការផ្គត់ផ្គង់បានធូរស្រាល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent សម្រាប់ខែសីហា បានធ្លាក់ចុះ ៤០ សេន ឬ ០,៥៤% មកនៅត្រឹម ៧៣,៣៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២៧ សេន ឬ ០,៣៨% មកនៅត្រឹម ៧០,០៧ ដុល្លារក្នុងមួយបារ៉ែល។
លោក Tony Sycamore អ្នកវិភាគ IG បាននិយាយនៅក្នុងកំណត់ចំណាំមួយថា “ល្បឿននៃការធ្លាក់ចុះនេះបានកើតឡើងយ៉ាងភ្ញាក់ផ្អើល ខណៈដែលតម្លៃទីផ្សារក្នុងការត្រឡប់មកវិញលឿនជាងការរំពឹងទុកនៃបារ៉ែលមជ្ឈិមបូព៌ាកាលពីពីរសប្តាហ៍មុន”។
ប្រេងប្រភេទ Brent បានធ្លាក់ចុះជាង ៣ ដុល្លារនៅថ្ងៃពុធ ខណៈដែលក្តីបារម្ភអំពីការផ្គត់ផ្គង់បានធូរស្រាល ហើយប្រេងប្រភេទ WTI បានធ្លាក់ចុះជិត ៣ ដុល្លារ។
លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក បានប្រាប់វេទិកាមួយកាលពីថ្ងៃពុធថា លំហូរឆ្លងកាត់ច្រកសមុទ្រ Hormuz គឺជិតនឹងអ្វីដែលពួកគេមានមុនពេលសង្គ្រាមអ៊ីរ៉ង់ចាប់ផ្តើម ដោយលោកបាននិយាយថា យ៉ាងហោចណាស់មានប្រេងចំនួន ២០ លានបារ៉ែលបានចាកចេញពីច្រកសមុទ្រនេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ លោកបានបន្ថែមថា ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ទាំងស្រុងនឹងចំណាយពេលពីរបីសប្តាហ៍ ពីព្រោះច្រកសមុទ្រនេះត្រូវការការបោសសម្អាតមីន។
ប្រែសម្រួលៈ ណៃ តុលា









