ព័ត៌មានអន្តរជាតិ

ចៅក្រមសហព័ន្ធអាមេរិក​ ហាមឃាត់តម្រូវការរបស់លោក ត្រាំ សម្រាប់ភស្តុតាងសញ្ជាតិ​ ដើម្បីបោះឆ្នោត

ញូវយ៉ក៖​ ចៅក្រមសហព័ន្ធអាមេរិកម្នាក់​ បានរារាំង ជាអចិន្ត្រៃយ៍លេីរដ្ឋបាលរបស់លោកប្រធានាធិបតីលោក​ ដូណាល់​ ត្រាំ​ ពីការអនុវត្តភាគច្រើននៃបទបញ្ជាប្រតិបត្តិដំបូង របស់លោក​ ស្តីពីការបោះឆ្នោត រួមទាំងបទប្បញ្ញត្តិដែលតម្រូវឱ្យអ្នកបោះឆ្នោត បង្ហាញភស្តុតាងឯកសារនៃសញ្ជាតិនៅពេលចុះឈ្មោះបោះឆ្នោត។

សេចក្តីសម្រេចរបស់ចៅក្រមតុលាការស្រុកអាមេរិកលោកស្រី Denise Casper នៅទីក្រុងបូស្តុន​ បានប្តូរដីកាបង្គាប់បឋម​ ដែលចេញក្នុងឆ្នាំ២០២៥​ ដែលបានរារាំងជាបណ្តោះអាសន្ននូវកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់លោក ត្រាំ ក្នុងការផ្លាស់ប្តូរការបោះឆ្នោត ទៅជាការហាមឃាត់ជាអចិន្ត្រៃយ៍។

លោកស្រី​ Casper បានបដិសេធការអះអាងរបស់រដ្ឋបាលលោក ដែលថាបណ្តឹងដែលដាក់ដោយអគ្គព្រះរាជអាជ្ញានៅក្នុងរដ្ឋចំនួន ១៩​ គឺមិនទាន់គ្រប់ខែនោះទេ ពីព្រោះច្បាប់មិនទាន់ត្រូវបានដាក់ឱ្យអនុវត្តនៅឡើយ។

ចៅក្រមបានយល់ស្របថា​ តម្រូវការនេះលើសពីសិទ្ធិអំណាចប្រធានាធិបតីរបស់លោក ត្រាំ ក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់ចុះឈ្មោះអ្នកបោះឆ្នោតជាតិ ដែលជាច្បាប់ឆ្នាំ ១៩៩៣ ដែលបង្កើតនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោត។ លោកស្រីបានសរសេរថា រដ្ឋធម្មនុញ្ញ «មិនផ្តល់អំណាចជាក់លាក់ណាមួយដល់ប្រធានាធិបតីលើការបោះឆ្នោតនោះទេ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Abigail Jackson អ្នកនាំពាក្យសេតវិមាន បានឧ្យដឹងថា រដ្ឋបាលអាចប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចកាលពីថ្ងៃពុធ ប្រសិនបើខ្លួនជ្រើសរើស នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

បទបញ្ជាប្រតិបត្តិដែលលោក ត្រាំ បានចុះហត្ថលេខា នៅថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៥ នឹងតម្រូវឱ្យប្រជាជនផ្តល់ភស្តុតាង ឯកសារនៃសញ្ជាតិនៅពេលចុះឈ្មោះបោះឆ្នោត រារាំងសន្លឹកឆ្នោតតាមប្រៃសណីយ៍ពីការរាប់ ប្រសិនបើសន្លឹកឆ្នោតទាំងនោះមកដល់ក្រោយថ្ងៃបោះឆ្នោត ទោះបីជាសន្លឹកឆ្នោតទាំងនោះត្រូវបានបោះត្រាប្រៃសណីយ៍នៅពេលនោះក៏ដោយ និងដាក់ទណ្ឌកម្មរដ្ឋដែលមិនគោរព តាមដោយដកហូតប្រាក់សហព័ន្ធមួយចំនួន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top