រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអូម៉ង់ ពិភាក្សាគ្នាតាមទូរស័ព្ទ អំពីបញ្ហាគ្រប់គ្រងច្រកសមុទ្រ Hormuz
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ស្តីពីការគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz ។
រដ្ឋមន្ត្រីទាំងពីរបានពិនិត្យមើលការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹងការធ្វើនាវាចរណ៍តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ និងការរៀបចំបណ្តោះអាសន្នសម្រាប់ការឆ្លងកាត់របស់នាវាក្នុងរយៈពេល៦០ថ្ងៃដែលបានកំណត់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខានាពេលថ្មីៗនេះ ពីក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ពួកគេបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តអន្តរកម្មបច្ចេកទេស និងអ្នកជំនាញលើបញ្ហានេះ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។
អ្នកការទូតទាំងពីរបានពិភាក្សាអំពីយន្តការសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីសម្រេចបាននូវគោលបំណងរបស់ MoU ទាក់ទងនឹងសេរីភាពនៃការធ្វើនាវាចរណ៍ស្របតាមច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពរបស់រដ្ឋ នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសអូម៉ង់។
ភាគីទាំងពីរបានសម្តែង ការពេញចិត្តចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ៊ីរ៉ង់ នាពេលថ្មីៗនេះទៅកាន់រដ្ឋធានី Muscatនៃប្រទេសអូម៉ង់ ហើយបានអះអាងសារជាថ្មីអំពីសារៈសំខាន់ នៃការបន្តការពិគ្រោះយោបល់តាមរយៈបណ្តាញការទូតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី









