រដ្ឋមន្ត្រីការបរទេសវេណេ ស៊ុយអេឡា បញ្ជាក់ថា ប្រទេសរបស់លោកកំពុងធ្វើការ គ្រប់បែបយ៉ាង ដើម្បីអាចចាប់ផ្តើមទទួលជំនួយ បរទេស សម្រាប់ហេតុការណ៍គ្រោះរញ្ជួយដី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាល វេណេស៊ុយអេឡា កំពុងចាត់វិធានការចាំបាច់ ដើម្បីសម្របសម្រួលជំនួយអន្តរជាតិ បន្ទាប់ពីមានការរញ្ជួយដី ដ៏ខ្លាំងក្លាចំនួនពីរ បានវាយប្រហារប្រទេសនេះ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។
លោក Gil បានសរសេរនៅក្នុងសារបង្ហោះនៅលើ Telegram ថា៖ប្រទេសនេះឱ្យតម្លៃលើការផ្តល់ជំនួយអន្តរជាតិ ហើយកំពុងធ្វើការតាមរយៈក្រសួង ការបរទេសដើម្បីគ្រប់គ្រង និងទទួលបានការគាំទ្រដែលត្រូវ ការច្រើននេះក្នុងអំឡុងពេលដ៏លំបាកទាំងនេះ ។
លោក Gil បានថ្លែងអំណរគុណចំពោះសារនៃសាមគ្គីភាព ដែលបានផ្ញើដោយរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា ព្រមទាំងការផ្តល់ជំនួយបច្ចេកទេស និងមនុស្សធម៌ផងដែរ។
លោកបាននិយាយថា ប្រទេសក្នុងតំបន់ រួមទាំងប្រទេសប្រេស៊ីល គុយបា អែលសាល់វ៉ាឌ័រ និងសាធារណរដ្ឋដូមីនីក ក៏បានផ្តល់កិច្ចសហប្រតិបត្តិការជា មួយវេណេស៊ុយអេឡាក្នុងវិស័យផ្សេងៗ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញផងដែរ។
ប្រជាជាតិមកពីផ្នែកផ្សេងទៀតនៃពិភពលោក រួមទាំងប្រទេសអ៊ីរ៉ង់ អាស៊ែបៃហ្សង់ សហរដ្ឋអាមេរិក តួគី ហ្ស៊កដានី និងកាតា ក៏បានបង្ហាញពីសាមគ្គីភាពជាមួយវ៉េណេស៊ុយអេឡា និងឆន្ទៈក្នុងការជួយគាំទ្រដូចគ្នាដែរ៕
ប្រែសម្រួល៖ស៊ុនលី









