លោក ឃួន ផុនរតនៈ ជួបតំណាងក្រុមហ៊ុនកម្ពុជា ចូលរួមពិព័រណ៍ផលិតផលខ្មែរ នៅសេអ៊ូល
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានទទួលជួបពិភាក្សា និងសំណេះសំណាល ជាមួយតំណាងក្រុមហ៊ុនកម្ពុជា៤ក្រុមហ៊ុន ដែលបានចូលរួមពិព័រណ៍ផលិតផលខ្មែរ នៅទីក្រុងសេអ៊ូល ។

តំណាងក្រុមហ៊ុនទាំង៤នោះ រួមមាន ៖ ទី១- TL AGRI FOOD , ទី២- AWESOME PICK , ទី៣- MAYANY ENTERPRISE និងទី៤- ក្រុមហ៊ុន SEPAKAM PONLEI THAMACHEAT ។ ពិព័រណ៍ផលិតផលខ្មែរ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ មាន២កម្មវិធីផ្សេងគ្នា គឺ១- កម្មវិធី «ASEAN PANORAMA» រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និង២-កម្មវិធី «Korea Import Expo 2026» រៀបចំដោយសមាគមអ្នកនាំចូលកូរ៉េ ។

ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ស្តាប់នូវការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុនអាជីវកម្មដែលបានមកចូលរួមពិព័រណ៌នៅកូរ៉េផ្ទាល់ និងមានបំណងចាប់ដៃគូវិនិយោគ ជាមួយបណ្តាក្រុមហ៊ុនកូរ៉េ ដើម្បីនាំផលិតផលរបស់ខ្លួនចូលទីផ្សារកូរ៉េ។

ក្នុងឱកាសនៃជំនួប តំណាងក្រុមហ៊ុនទាំង៤ បានថ្លែងអំណរគុណស្ថានទូតដែលបានជួយសម្របសម្រួលឱ្យក្រុមហ៊ុនបានចូលរួមក្នុងកម្មវិធីពិព័រណ៌នេះ និងបានបង្ហាញអារម្មណ៍សប្បាយរីករាយដែលមានឱកាសយកផលិតផលរបស់ខ្លួន មកផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសកូរ៉េបានស្គាល់កាន់តែច្រើន ព្រមទាំងបង្កើតកាលានុវឌ្ឍភាពក្នុងការនាំចូលផលិតផលរបស់ខ្លួនមកទីផ្សារប្រទេសកូរ៉េ។ មិនតែប៉ុណ្ណោះ ក៏អាចមានឱកាសទស្សនា និងស្វែងយល់ពីស្តង់នៃផលិតផលរបស់ប្រទេសផ្សេងទៀត ដើម្បីសិក្សា និងកែលម្អផលិតផល និងការរចនាស្តង់របស់កម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ ក្នុងឱកាសពិព័រណ៍នាពេលខាងមុខ ។

សម្រាប់ក្រុមហ៊ុនទាំង៤វិញ បានសំណូមពរចង់បានឱកាសចូលរួមតាំងពិព័រណ៍កាន់តែច្រើនថែមទៀតនាពេលខាងមុខ ដើម្បីឱ្យអតិថិជនកូរ៉េ អាចស្គាល់ និងចងចាំផលិតផលរបស់ខ្លួន ព្រមទាំងស្នើសុំស្ថាប័នជំនាញ រៀបចំឱ្យមានវេទិកាផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ការនាំផលិតផលចេញទៅក្រៅប្រទេស៕










