អ៊ីរ៉ង់ និងអូម៉ង់ ពិភាក្សាគ្នាអំពីការគ្រប់គ្រង ចរាចរណ៍ច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi បានពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស។
រដ្ឋមន្ត្រីទាំងពីរបានពិនិត្យឡើងវិញ នូវការវិវឌ្ឍថ្មីៗទាក់ទងនឹងការរុករកតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ និងការរៀបចំបណ្តោះអាសន្ន សម្រាប់ការឆ្លងកាត់របស់នាវាក្នុងរយៈពេល ៦០ថ្ងៃ ដែលបានកំណត់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលទើបចុះហត្ថលេខាថ្មីៗនេះ។
យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ ពួកគេបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តអន្តរកម្មបច្ចេកទេស និងជំនាញលើបញ្ហានេះ។
យោងតាមក្រសួងការបរទេសអូម៉ង់ អ្នកការទូតទាំងពីរបានពិភាក្សាអំពីយន្តការ សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសម្រេចបាននូវគោលបំណង នៃអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងសេរីភាពនៃការរុករកតាមរបៀប ដែលស្របតាមច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពរបស់រដ្ឋ។
ក្រសួងទាំងពីរបានសម្តែងការពេញចិត្ត ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ៊ីរ៉ង់ថ្មីៗនេះទៅកាន់រដ្ឋធានីមូស្កាត ប្រទេសអូម៉ង់ ហើយបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបន្តពិគ្រោះយោបល់តាមរយៈបណ្តាញការទូត។
ការហៅទូរស័ព្ទនេះបានកើតឡើងបន្ទាប់ពីអូម៉ង់ និងអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ ដោយយល់ព្រមបង្កើតក្រុមការងាររួមមួយ ដើម្បីចរចាអំពីការគ្រប់គ្រងនាវាចរណ៍នាពេលអនាគតនៅក្នុងច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល ឈូក បូរ៉ា
