អូម៉ង់ បញ្ជាក់ថា មិនមានការគិតថ្លៃ ដឹកជញ្ជូនតាមផ្លូវសមុទ្រ សម្រាប់ការរៀបចំច្រកសមុទ្រហ័រមូស នាពេលអនាគតនោះទេ
មូស្កាត៖ អូម៉ង់បានបញ្ជាក់ថា ការរៀបចំនាពេលអនាគតទាក់ទងនឹងច្រកសមុទ្រហ័រមូស នឹងមិនពាក់ព័ន្ធនឹងការដាក់ថ្លៃដឹកជញ្ជូនតាមសមុទ្រនោះទេ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការធានាការធ្វើនាវាចរណ៍ដោយសេរី និងមានសុវត្ថិភាពតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ។
ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអូម៉ង់លោក Sayyid Badr bin Hamad bin Hamood Albusaidi ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីរួមគ្នារវាងប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅប្រទេសបារ៉ែន។
លោក Albusaidi បានលេីកឡេីងថា អូម៉ង់ ក្នុងនាមជារដ្ឋជាប់ឆ្នេរសមុទ្រនៃច្រកសមុទ្រហ័រមូស មានការទទួលខុសត្រូវពិសេស ក្នុងការគាំទ្រ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាការធ្វើនាវាចរណ៍តាមសមុទ្រ ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសអូម៉ង់ ចំពោះអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្រេចគោលបំណងរបស់ខ្លួន ដើម្បីសម្រេចបាននូវសន្តិភាពដែលចង់បាន។
លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញតាមរយៈច្រកសមុទ្រហ័រមូស និងធានាបាននូវលំហូរចរាចរណ៍ផ្លូវសមុទ្រដោយសុវត្ថិភាព។
នៅថ្ងៃព្រហស្បតិ៍នេះផងដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និង Albusaidi បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តសម្របសម្រួលក្នុងការគ្រប់គ្រងច្រកសមុទ្រនេះតាមទូរស័ព្ទ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើបណ្ដាញ Telegram របស់លោក Araghchi៕









