Feature

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារ ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាពនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាព និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ កសិកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ ជាគំនិតផ្តួចផ្តើមដែលរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និងការសឹករេចរិលបរិស្ថាន និងស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងអាកាសធាតុ ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញដោយ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាង លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមវត្តមានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានជាសមាជិករបស់សមាគម ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសផ្សេងទៀត។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជារបត់ដ៏សំខាន់មួយសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ។ តាមរយៈការបន្ស៊ីកិច្ចខិតខំប្រឹងប្រែងរបស់យើងទៅនឹងអាទិភាពអាកាសធាតុថ្នាក់ជាតិ យើងបាន និងកំពុងពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់យើងពាក់ព័ន្ធនឹង ESG និងក្នុងការគ្រប់គ្រងហានិភ័យអាកាសធាតុ ព្រមទាំងជួយត្រួសត្រាយផ្លូវហិរញ្ញប្បទានបៃតងដែលកំពុងត្រូវការជាចាំបាច់ ទៅកាន់សហគ្រាសធុនមីក្រូ តូច និងធម្យម និងគម្រោងនានាដែលមានចីរភាព ដែលគាំទ្រដល់ការលូតលាស់សេដ្ឋកិច្ចបៃតង និងភាពធន់របស់កម្ពុជា»។

លោក ចាន់ សីហា អគ្គនាយករងធនាគារ ARDB បានមានប្រសាសន៍ថា «វិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា តម្រូវឱ្យមានយន្តការហិរញ្ញប្បទានដ៏រឹងមាំ និងមានចីរភាព ដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយធនាគារ ARDB នឹងបន្តគាំទ្រការផ្តល់ហិរញ្ញប្បទានបៃតង ប្រកបដោយប្រសិទ្ធភាព និងចីរភាព» ៕

To Top