ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់​ បដិសេធផែនការចាកចេញ ពីអង្គការ​ OPEC ដោយសង្កត់ធ្ងន់ លើការវាយតម្លៃឡើងវិញ នូវកូតាផលិតកម្ម

បាកដាដ៖​ ក្រសួងប្រេងអ៊ីរ៉ាក់​ បានបដិសេធរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសនេះ កំពុងពិចារណាចាកចេញ ពីអង្គការប្រទេសនាំចេញប្រេង (OPEC)​ ដោយសង្កត់ធ្ងន់លើការវាយតម្លៃឡើងវិញ នូវកូតាផលិតកម្ម។

ក្រសួងបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងរដ្ឋាភិបាល​ មិនបានលើកឡើង ពីបញ្ហានៃការដកខ្លួននោះទេ ដោយបន្ថែមថា អ៊ីរ៉ាក់​ បានសង្កត់ធ្ងន់ ជាប់លាប់លើសារៈសំខាន់ នៃការវាយតម្លៃឡើងវិញ នូវកូតាផលិតកម្ម ដើម្បីឲ្យស្របនឹងសមត្ថភាពផលិតកម្មប្រកបដោយចីរភាពរបស់រដ្ឋជាសមាជិក ស្របតាមកិច្ចព្រមព្រៀង​ ដែលត្រូវបានអនុម័តដោយប្រទេសពាក់ព័ន្ធទាំងអស់ និងការយល់ដឹង ទាក់ទងនឹងស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចរបស់អ៊ីរ៉ាក់។

OPEC និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនបានឆ្លើយតបទៅនឹងវិធីសាស្រ្តនេះ ដោយចាប់ផ្តើមដំណើរការមួយ ដើម្បីវាយតម្លៃឡើងវិញនូវសមត្ថភាពផលិតកម្មប្រកបដោយចីរភាពអតិបរមារបស់ប្រទេសជាសមាជិក។

សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនបានចាប់ផ្តើមស្តារបរិមាណផលិតកម្ម​ ដែលបានកាត់បន្ថយបន្តិចម្តងៗ ហើយ ហើយការបន្តឡើងវិញទាំងស្រុង នៃការកាត់បន្ថយដោយ ស្ម័គ្រចិត្តទាំងអស់ត្រូវបានគ្រោង នឹងបញ្ចប់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលនឹងរួមចំណែកដល់ ការពង្រឹងកូតាផលិតកម្មរបស់ប្រទេសអ៊ីរ៉ាក់។

យោងតាមក្រសួង ការទាមទារណា មួយទាក់ទងនឹងកូតាផលិតកម្ម ឬកម្រិតសមត្ថភាពនឹង ត្រូវបានដោះស្រាយ តាមរយៈយន្តការបច្ចេកទេស និងផ្អែកលើការឯកភាពគ្នា​ ដែលបានបង្កើតឡើងនៅក្នុងក្របខ័ណ្ឌរបស់ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន។

នៅថ្ងៃព្រហស្បតិ៍ របាយការណ៍ព័ត៌មាន ដែលដកស្រង់ប្រភពអ៊ីរ៉ាក់​ បានឧ្យដឹងថា ប្រសិនបើកូតាផលិតកម្ម របស់ប្រទេសអ៊ីរ៉ាក់ មិនកើនឡើងនោះទេ ហេីយប្រទេសនេះអាចនឹងដកខ្លួនចេញពីអង្គការ OPEC៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top