ប៉ូឡូញមើលឃើញកំណត់ត្រា អាកាសធាតុក្តៅអាក្រក់បំផុត កាលពីចុងសប្តាហ៍
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញបានកត់ត្រា សីតុណ្ហភាពខ្ពស់បំផុត មិនធ្លាប់មានរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកនេះ ដោយលើសពីកំណត់ត្រាជាតិ ដែលមានរយៈពេលជាងមួយសតវត្ស បើទោះបីជាគេនៅតែរង់ចាំការបញ្ជាក់ជាផ្លូវការក៏ដោយ។
យោងតាមវិទ្យាស្ថានឧតុនិយម និងគ្រប់គ្រងទឹករបស់ប្រទេស (IMGW) ដោយអ្នកនាំពាក្យលោក Agnieszka Prasek បាននិយាយថា សីតុណ្ហភាពបានឡើងដល់៤០,៥ អង្សាសេនៅក្នុងទីក្រុង Slubice ភាគខាងលិច និង៤០,៣ អង្សាសេក្នុងទីក្រុង Torun កាលពីថ្ងៃអាទិត្យ អំឡុងពេលមានរលកកំដៅខ្លាំង បានបោកបក់ពាសពេញទ្វីបអឺរ៉ុបកណ្តាល។
កំណត់ត្រារបស់ប្រទេសប៉ូឡូញកាលពីមុនគឺ៤០,២អង្សាសេត្រូវបានកំណត់នៅទីក្រុង Proszkow ភាគខាងត្បូងប្រទេសប៉ូឡូញនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ១៩២១មកម្ល៉េះ ។
លោក Prasek បាននិយាយថា តួលេខចុងក្រោយ គឺផ្អែកលើតេឡេម៉ែត្រ និងទិន្នន័យប្រតិបត្តិការរៀងរាល់ម៉ោង ខណៈដែលស្ថានីយអាកាសធាតុផ្លូវការ កត់ត្រាសីតុណ្ហភាពនៅពេលវេលាសង្កេត ដែលបានកំណត់ ប៉ុន្តែវិទ្យាស្ថាននៅតែបន្តធ្វើការផ្ទៀងផ្ទាត់ទិន្នន័យនៅឡើយ។
គួរឲ្យដឹងដែរតួលេខបំបែក កំណត់ត្រាបានកើតឡើងនៅពេលដែល IMGW បានប្រកាសព្រមានអំពី កំដៅកម្រិតខ្ពស់បំផុត របស់ខ្លួនសម្រាប់ផ្នែកធំ ៗ នៃប្រទេស ដោយព្យាករណ៍ថាសីតុណ្ហភាពឡើងដល់ ៤២អង្សាសេនៅក្នុងតំបន់មួយចំនួននាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី









