Feature

អង្ករខ្មែរលើឆាកអន្តរជាតិ ៖ ARDB និង CRF ដឹកនាំប្រតិភូបង្ហាញវត្តមាន ក្នុងពិព័រណ៍ម្ហូបអាហារ លំដាប់ពិភពលោក «Fancy Food Show» នៅអាមេរិក

អាមេរិក ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងរុញច្រាន និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិ លោក បាន លីម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាតំណាង លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំប្រចាំឆ្នាំ «Fancy Food Show» នៅទីក្រុង New York សហរដ្ឋអាមេរិក ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយសហព័ន្ធស្រូវ អង្ករកម្ពុជា (CRF)។

ព្រឹត្តិការណ៍នេះ គឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់វិស័យស្រូវអង្ករកម្ពុជា ក្នុងការបង្ហាញពីសក្តានុពល គុណភាព និងស្តង់ដារខ្ពស់នៃអង្ករខ្មែរទៅកាន់ពិភពលោក តាមរយៈកិច្ចសហការរវាងស្ថាប័នគន្លឹះទាំងពីរ៖

-ធនាគារ ARDB ៖ ក្រោមការដឹកនាំ របស់ លោកបណ្ឌិត កៅ ថាច បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់ខ្សែច្រវាក់តម្លៃកសិកម្ម ជួយជំរុញសមត្ថភាពផលិតកម្ម និងការកែច្នៃអង្ករកម្ពុជា ឱ្យស្របតាមស្តង់ដារតម្រូវការខ្ពស់របស់ទីផ្សារអាមេរិក និងអឺរ៉ុប ។
-សហព័ន្ធស្រូវអង្ករកម្ពុជា CRF ៖ ក្រោម ការដឹកនាំ របស់ ឧកញ៉ា ឡាយ ឈុនហួរ បានដើរតួជាស្ពាន ចម្លងដ៏សំខាន់ក្នុងការសម្របសម្រួល និងបើកច្រកទីផ្សារថ្មីៗ ដោយនាំយកក្រុមហ៊ុន នាំចេញលំដាប់កំពូលៗ របស់កម្ពុជា ទៅជួបពិភាក្សា និងចងសម្ព័ន្ធភាពពាណិជ្ជកម្ម ផ្ទាល់ជាមួយអ្នកបញ្ជាទិញ (Buyers) ធំៗនៅលើពិភពលោក។

នៅក្នុងព្រឹត្តិការណ៍ Fancy Food Show នេះ ក្រុមហ៊ុននាំចេញអង្ករ និងសហគ្រាសឈានមុខគេរបស់កម្ពុជាចំនួន ៩ បានរួមគ្នាយ៉ាងសកម្មក្នុងការដាក់តាំងបង្ហាញផលិតផលអង្ករប្រណីតៗ របស់កម្ពុជា ដើម្បីបង្ហាញពីភាពសម្បូរបែប និងស្តង់ដារខ្ពស់នៃអង្ករខ្មែរ៖ 1-Daily Fresh FOODs ( Cambodia) Co.,LTD 2-City Rice Import Export Co., Ltd. 3- LOR EAK HENG Sek Meas Rice CO.,LTD 4-Primalis Corporation Ltd. 5-Khmer Food Group CO.,LTD 6-Golden Rice (Cambodia) Co., Ltd. 7-Golden Star Rice Mill and Import Ecport Co., Ltd. 8-Indochina Rice Mill Limited 9- Signature Rice CO.,LTD។

ការចូលរួមយ៉ាងកុះករពីសំណាក់ក្រុមហ៊ុនទាំងនេះ មិនត្រឹមតែជាឱកាសក្នុងការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព (Sustainability) និងទំនួលខុសត្រូវខ្ពស់ ដែលឆ្លើយតបទៅនឹងនិន្នាការ និងតម្រូវការប្រើប្រាស់របស់ទីផ្សារសហរដ្ឋអាមេរិកយ៉ាងពិតប្រាកដ។

កម្មវិធីពិព័រណ៍ Fancy Food Show នៅទីក្រុង New York នេះ ត្រូវបានរំពឹងថានឹងជួយបង្កើន ទំហំនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអាមេរិកបន្ថែមទៀត ព្រមទាំងពង្រឹងទំនុកចិត្តលើម៉ាកយីហោ (Brand) អង្ករជាតិ។ ARDB និង CRF នឹងបន្តចាប់ដៃគ្នាផ្ដល់ទាំងកម្លាំងទុន និងកម្លាំងយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកសិផលខ្មែរ ក្លាយជាជម្រើសឈានមុខគេនៅលើតុអាហាររបស់ប្រជាជនទូទាំងសកលលោក៕

To Top