ព័ត៌មានអន្តរជាតិ

អាមេរិក និងអ៊ីរ៉ង់​ ប្រកាសផ្អាកការវាយប្រហារគ្នា ដើម្បីជួបគ្នានៅទីក្រុងដូហា លើបញ្ហាច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ បានព្រមព្រៀងគ្នាផ្អាកការវាយ ប្រហារគ្នាទៅវិញទៅមក “សម្រាប់ពេលនេះ” និងធ្វើកិច្ចចរចានៅថ្ងៃអង្គារ នៅទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតា ដើម្បីដោះស្រាយជម្លោះរបស់ពួកគេ​ លើច្រកសមុទ្រហ័រមូស។

មន្ត្រីអាមេរិកម្នាក់ត្រូវបានដកស្រង់សម្តីថា ភាគីទាំងពីរនឹងផ្អាកការវាយប្រហារគ្នា “សម្រាប់ពេលនេះ” ហើយ “នាវាអាចធ្វើដំណើរដោយសេរី” ខណៈដែលកិច្ចចរចាបច្ចេកទេសត្រូវបានកំណត់ឱ្យបន្ត។

កិច្ចចរចានៅថ្ងៃអង្គារ​ ដំបូងឡើយត្រូវបានកំណត់ឱ្យធ្វើឡើងនៅប្រទេសស្វីស និងផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងឡើងវិញ នៅក្នុងច្រកសមុទ្រហ័រមូស​ បានជំរុញឱ្យកិច្ចចរចា ត្រូវបានផ្លាស់ប្តូរទៅទីក្រុងដូហា ដោយផ្លាស់ប្តូរការផ្តោត អារម្មណ៍ទៅលើសន្តិសុខ ដឹកជញ្ជូននៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។

ក្នុងអំឡុងពេលចរចានៅប្រទេសស្វីស​ កាលពីមួយសប្តាហ៍មុន គណៈប្រតិភូសហរដ្ឋអាមេរិក​ បានយល់ព្រមជាមួយអ៊ីរ៉ង់​ ដើម្បីបង្កើត “ខ្សែទូរស័ព្ទទាន់ហេតុការណ៍” រវាងយោធាសហរដ្ឋអាមេរិក និងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដើម្បីសម្របសម្រួលចរាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស។

ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍មុន​ “ខ្សែទូរស័ព្ទទាន់ ហេតុការណ៍” នៅតែមិនទាន់ដំណើរ ការនៅឡើយទេ នេះបើយោងតាមរបាយការណ៍។

សហរដ្ឋអាមេរិក​ បានធ្វើការវាយប្រហារ លើគោលដៅអ៊ីរ៉ង់​ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយលើកឡើងពី “ការឈ្លានពានរបស់អ៊ីរ៉ង់​ ជាបន្តបន្ទាប់ប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្ម” នៅក្នុងច្រកសមុទ្រហ័រមូស​ ក្នុងនោះអ៊ីរ៉ង់ក៏បានឆ្លើយតប ដោយការវាយប្រហារ ទីតាំងយោធាអាមេរិក នៅក្នុងតំបន់ផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top