ព័ត៌មានអន្តរជាតិ

សំឡេងផ្ទុះលាន់លឺពេញតំបន់​ បន្ទាប់ពីកងទ័ពអ៊ីស្រាអែល​ បំផ្ទុះផ្លូវរូងក្រោមដីនៅភាគខាងត្បូង ប្រទេសលីបង់

បេរូត៖ កងទ័ពអ៊ីស្រាអែល​ បានបំផ្ទុះផ្លូវរូងក្រោមដីមួយនៅក្នុងទីក្រុង Majdal Zoun ភាគខាងត្បូងប្រទេសលីបង់​ កាលពីថ្ងៃអាទិត្យ ដោយសំឡេង ផ្ទុះបានឮពាសពេញតំបន់ជាច្រើន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋលីបង់ ។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Israel Katz ផ្លូវរូងក្រោមដីដែលត្រូវបានបំផ្លាញនៅយប់ថ្ងៃអាទិត្យ​ មានប្រវែងជាង ២០០ម៉ែត្រ និងជម្រៅជាង ២៥ម៉ែត្រ ហើយមានផ្ទុកអាវុធ រាប់រយ និងបំពង់បាញ់ជាច្រើន​ ដែលត្រូវបានចោទ ប្រកាន់ថាមានបំណងវាយប្រហារទឹកដីអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា អ៊ីស្រាអែល​ បានជូនដំណឹងដល់សហរដ្ឋអាមេរិកជាមុនអំពីការបំផ្លាញនេះ។
សេចក្តីថ្លែងការណ៍នោះបានឧ្យដឹងថា “ទាហានយោធាអ៊ីស្រាអែល​ នឹងនៅតែស្ថិតនៅក្នុងតំបន់សន្តិសុខ នៅភាគខាងត្បូងប្រទេសលីបង់ ហើយនឹង បន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម លុបបំបាត់ការគំរាមកំហែង ពីសហគមន៍អ៊ីស្រាអែលភាគខាងជើង និងរក្សាសន្តិសុខ របស់ពលរដ្ឋអ៊ីស្រាអែល”។

មុនពេលមានការផ្ទុះនេះ យោធាអ៊ីស្រាអែលបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាននៅភាគខាងជើងអ៊ីស្រាអែលថា ការផ្ទុះដ៏ខ្លាំងក្លាមួយត្រូវបានគេរំពឹងថា​ នឹងកើតឡើង ដែលអាចបង្កឱ្យមាន ប្រព័ន្ធព្រមានរញ្ជួយដី។

បន្ទាប់ពីការផ្ទុះនេះ ក្រសួងថាមពល និងហេដ្ឋារចនាសម្ព័ន្ធអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធព្រមានបានរកឃើញព្រឹត្តិការណ៍រញ្ជួយដី មួយនៅភាគខាងត្បូងប្រទេសលីបង់ ដោយសារតែការផ្ទុះ ដែលគ្រប់គ្រងបាន ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top