អ៊ុយក្រែន វាយប្រហាររោងចក្រ ចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារពេញមួយយប់ លើរោងចក្រចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី។
នៅក្នុងការបង្ហោះមួយនៅលើ X លោក ហ្សេឡិនស្គី បានឧ្យដឹងថា គោលដៅមួយគឺរោងចក្រចម្រាញ់ប្រេង Slavyansk នៅក្នុងតំបន់ Krasnodar របស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រពីជួរមុខ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រោងចក្រចម្រាញ់ប្រេងទាំង២ នេះ មានសមត្ថភាពកែច្នៃប្រេងប្រចាំឆ្នាំប្រហែល ៤ លានតោន។
លោកបានបន្ដថា រោងចក្រចម្រាញ់ប្រេងមួយផ្សេងទៀតនៅក្នុងតំបន់ Yaroslavl របស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន-រុស្ស៊ី ក៏ត្រូវបានកំណត់គោលដៅផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបន្ដថា ការវាយប្រហារទាំងនោះមានគោលបំណងធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់រុស្ស៊ី ក្នុងការរក្សាកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ខ្លួន។
លោក ហ្សេឡិនស្គី បានសរសេរថា «ទណ្ឌកម្មរយៈពេលវែងនីមួយៗរបស់យើងមានន័យថា ធនធានតិចជាងមុន ដែលបម្រើដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី និងជាជំហានមួយទៀតឆ្ពោះទៅរកសន្តិភាព»៕
ប្រែសម្រួល ឈូក បូរ៉ា









