Feature

លោក ​​ហួត​ ​ហាក់ ៖​ ក្រសួងទេសចរណ៍​ នឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍​ នឹងបន្តសហការយ៉ាងជិតស្និទ្ធ​ ជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិតផលទេសចរណ៍ ។

ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល​ ជាមួយសហគមន៍អេកូទេសចរណ៍ចំបក់ ស្ថិតនៅខេត្តកំពង់ស្ពឺ ជាមួយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងស្តាប់របាយការណ៍វឌ្ឍនភាព ស្វែងយល់ពីបញ្ហាប្រឈម ព្រមទាំងទទួលយកសំណូមពរ និងមតិយោបល់ពីប្រជាសហគមន៍ ដើម្បីរួមគ្នាកំណត់ទិសដៅអភិវឌ្ឍន៍ទេសចរណ៍​សហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង​ របស់សហគមន៍អេកូទេសចរណ៍ចំបក់ ដែលបានរួមគ្នាអភិរក្សធនធានធម្មជាតិ ការពារបរិស្ថាន និងបង្កើតផលិតផលទេសចរណ៍​ បែបសហគមន៍ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍​ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិតផលទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ សហគមន៍ឱ្យកាន់តែទូលំទូលាយ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសហគមន៍ បន្តថែរក្សាធនធានធម្មជាតិ ពង្រឹងភាពស្អាត អនាម័យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ ដើម្បីបង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរ និងធ្វើឱ្យសហគមន៍ក្លាយជាគំរូ នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន៕

To Top