ប៉ូលីសអូស្ត្រាលី ចាប់ខ្លួនស្ត្រីជនជាតិថៃ ជាសមាជិកនាវិកលើយន្តហោះ ដែលបានរត់ពន្ធថ្នាំញៀនហេរ៉ូអ៊ីន ១គីឡូក្រាមលាក់ទុកក្នុងកាបូប ចូលអូស្រ្តាលី
បរទេស៖ ប៉ូលីសអូស្ត្រាលីបានចាប់ខ្លួនស្ត្រីម្នាក់ជាសមាជិកនាវិកថៃនៅលើជើងហោះហើរអន្តរជាតិមួយនៅអាកាសយានដ្ឋានមែលប៊ន បន្ទាប់ពីការពិនិត្យកាំរស្មីអ៊ិចដោយមន្រ្តីកងកម្លាំងព្រំដែនអូស្ត្រាលី (ABF) បានរកឃើញហេរ៉ូអ៊ីនមួយគីឡូក្រាមលាក់ទុកក្នុងកាបូបរបស់នាង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា ស្ត្រីអាយុ ២៦ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានមែលប៊ន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបង្កឱ្យមានការចាប់អារម្មណ៍ពី មន្រ្តីកងកម្លាំងព្រំដែនអូស្ត្រាលី ក្នុងអំឡុងពេលពិនិត្យវ៉ាលីស, នេះបើយោងតាមគេហទំព័ររបស់ខ្លួននៅថ្ងៃចន្ទ។
ការពិនិត្យបន្ថែមលើកាបូបចំនួន ១២ របស់នាង បានរកឃើញថ្នាំញៀនពណ៌សលាក់ទុកក្នុងស្រទាប់ខាងក្នុង។ ការធ្វើតេស្តបានបញ្ជាក់ថា វាជាហេរ៉ូអ៊ីន ហើយមានចំនួនមួយគីឡូក្រាម។
តម្លៃលក់តាមទីផ្សារត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥០០.០០០ ដុល្លារអូស្ត្រាលី (១១,៥ លានបាត)។ សេចក្តីប្រកាសនេះបានឱ្យដឹងថា ស្ត្រីរូបនេះត្រូវបានឃុំខ្លួននៅថ្ងៃសុក្រ ហើយនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការ មេលីស្រ្តេតមែលប៊នម្តងទៀតនៅថ្ងៃទី ១៤ ខែកញ្ញា។
មេបញ្ជាការ ABF លោក Clint Sims បាននិយាយថា បុគ្គលិកយន្តហោះគឺជាមនុស្សផ្ទៃក្នុងម្នាក់ ដែលត្រូវបានទុកចិត្តដោយក្រុមជួញដូរគ្រឿងញៀនខុសច្បាប់ចូលទៅក្នុងប្រទេសអូស្ត្រាលី។
ប្រែសម្រួលៈ ណៃ តុលា
